ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងខ្វះកម្លាំងពលកម្មធ្ងន់ធ្ងរ ដោយសារការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ សារព័ត៌មាន Financial Times បានរាយការណ៍ឲ្យដឹងថា អាជីវកម្មនៅទូទាំងសហរដ្ឋអាមេរិក កំពុងជួបការលំបាកក្នុងការរក្សាបុគ្គលិកពេញលេញ ខណៈដែលការកើនឡើងនៃការឆ្លងមេរោគកូវីដ-១៩ បានបណ្តាលឱ្យបុគ្គលិករបស់ពួកគេជាច្រើននាក់ធ្លាក់ខ្លួនឈឺ ឬដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅផ្ទះ។

របាយការណ៍បានកត់សម្គាល់ថា អាជីវកម្មអាមេរិកមួយចំនួនធំ កំពុងបិទជាបណ្ដោះអាសន្ន ឬកែសម្រួលម៉ោងធ្វើការ ដោយសារចំនួនជនជាតិអាមេរិក ដែលឆ្លងវីរុសនេះឡើងដល់កម្រិតខ្ពស់គ្រប់ពេលវេលា។

ក្រុមហ៊ុនអាកាសចរណ៍ ហាងលក់រាយ ភោជនីយដ្ឋាន មន្ទីរពេទ្យ និងសាលារៀន ស្ថិតក្នុងចំណោមអ្នកដែលប្រឈមមុខនឹងការខ្វះខាតបុគ្គលិកធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

របាយការណ៍បានឲ្យដឹងថា ជនជាតិអាមេរិកជាង ៥លាននាក់ ឬ ២ភាគរយនៃកម្លាំងការងារសរុបរបស់ប្រទេសអាចត្រូវដាក់ឲ្យនៅដាច់ដោយឡែកនៅផ្ទះក្នុងសប្តាហ៍នេះ ដោយដកស្រង់ការវិភាគដោយ Andrew Hunter សេដ្ឋវិទូជាន់ខ្ពស់របស់សហរដ្ឋអាមេរិកនៅ Capital Economics ។

នៅក្នុងនោះដែរ យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ៦០លាននាក់កាលពីថ្ងៃអាទិត្យ៕


ដោយ ឈូក បូរ៉ា

Most Popular

To Top