ព័ត៌មានអន្តរជាតិ

អ្នកជំនាញយូអិន ជំរុញអ៊ីរ៉ង់ ឲ្យបញ្ឈប់ការប្រហារជីវិត ជនល្មើសជា អនីតិជន Hossein Shahbazi

បរទេស៖ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិឯករាជ្យចំនួន៤នាក់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានជំរុញឲ្យប្រទេសអ៊ីរ៉ង់បញ្ឈប់ការប្រហារជីវិតជនល្មើសជាអនីតិជន ឈ្មោះ Hossein Shahbazi នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។

អ្នកជំនាញទាំងនោះនិយាយថា ពួកគេមានការខកចិត្តចំពោះការសម្រេចចិត្តរបស់អាជ្ញាធរអ៊ីរ៉ង់ ក្នុងកិច្ចដំណើរការរឿងក្តីកាត់ទោសប្រហារជីវិត Shahbazi មានវ័យ២០ឆ្នាំ ដែលបានចាក់សម្លាប់មិត្តរួមថ្នាក់ នៅក្នុងអំឡុងពេលវាយតប់គ្នា នៅកាលដែលមានអាយុ១៧ឆ្នាំ។

អ្នកជំនាញបាននិយាយយ៉ាងដូច្នេះថា “យើងជំរុញអាជ្ញាធរអ៊ីរ៉ង់ឲ្យធ្វើការបញ្ឈប់ភ្លាមនិងជារៀងរហូត នូវការប្រហារជីវិត Hossein Shahbazi និងលុបចោលកាត់ទោសដាក់ពន្ធនាគារមួយជីវិត ឲ្យស្របទៅតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ”។

តាមប្រភពព័ត៌មាន អ្នកជំនាញបានធ្វើការកត់សម្គាល់ថា តុលាការពឹងផ្អែកលើផ្នែកមួយនៃចម្លើយសារភាព ដែលគេរាយការណ៍ថា ទទួលបានក្រោយការធ្វើទារុណកម្មនិងការធ្វើបាប ក្នុងខណៈដែល Hossein Shahbazi ត្រូវប៉ូលិសសួរចម្លើយអស់រយៈពេល១១ថ្ងៃ ក្នុងអំឡុងគាត់ត្រូវបានគេបដិសេធមិនឲ្យជួបមេធាវីនិងក្រុមគ្រួសារ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top