ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ កិច្ចពិភាក្សាអ៊ុយក្រែន ឈានដល់ទីបញ្ចប់ ស្របពេលប៉ូឡូញព្រមាន ពីភាពអាចផ្ទុះសង្គ្រាម

បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប៉ូឡូញ នាពេលថ្មីៗនេះ បានព្រមានថា អឺរ៉ុបខិតចូលទៅជិតសង្គ្រាមខ្លាំងឡើង ជាងពេលណាៗទាំងអស់ ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក ស្របពេលដែលរុស្ស៊ី បានផ្តល់ការវាយតម្លៃដ៏អាក្រក់ ចំពោះកិច្ចប្រឹងប្រែងការទូត នៅក្នុងសប្ដាហ៍នេះ ដើម្បីរំសាយភាពតានតឹង ជុំវិញបញ្ហាអ៊ុយក្រែន។

ប្រទេសរុស្ស៊ីបាននិយាយប្រាប់ថា វាកំពុងតែឈានដល់ទីបញ្ចប់ ទន្ទឹមនឹងការព្យាយាម ជំរុញលោកខាងលិច ឲ្យរារាំងប្រទេសអ៊ុយក្រែន មិនឲ្យចូលរួមជាសមាជិក របស់អង្គការសម្ពន្ធមិត្តយោធា ណាតូ និងមិនឲ្យពង្រីកវិសាលភាពរបស់ ណាតូនៅក្នុងតំបន់អឺរ៉ុបបន្ថែម។

ដោយមិនបញ្ចេញចំឈ្មោះរុស្ស៊ី នៅក្នុងសុន្ទរកថា របស់លោកនោះ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Zbigniew Rau បានលើកឡើងពីភាពតានតឹង នៅក្នុងប្រទេសអ៊ុយក្រែន ហ្សកហ្ស៊ី អាមេនី និងម៉ុលដាវី ដែលប្រទេសទាំងអស់នោះ នៅមានជម្លោះដ៏សកម្ម ឬក៏ជម្លោះជាប់គាំង ដេលប្រទេសរុស្ស៊ីត្រូវគេចោទថា មានការជាប់ពាក់ព័ន្ធ។

តាមសេចក្តីរាយការណ៍ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយប្រាប់ទូរទស្សន៍ RTVI នៅក្នុងបទសម្ភាសន៍មួយថា អ្នកឯកទេសយោធារុស្ស៊ី កំពុងតែផ្តល់ជម្រើសដល់ លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ក្នុងករណីស្ថានភាពជុំវិញបញ្ហាអ៊ុយក្រែន កាន់តែអាក្រក់ឡើង ប៉ុន្តែកិច្ចពិភាក្សាការទូត ត្រូវតែទទួលបានឱកាស។

ប៉ុន្តែលោកបន្តថា កិច្ចពិភាក្សាគ្នាជាមួយសហរដ្ឋអាមេរិក ក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃចន្ទ និងជាមួយណាតូក្នុងទីក្រុងព្រួចសែល កាលពីថ្ងៃពុធនោះ បានបង្ហាញថា មានទីបញ្ចប់ ឬក៏ភាពខុសគ្នានៃវិធីសាស្ត្រ និងមើលមិនឃើញហេតុផល ដែលត្រូវអង្គុយពិភាក្សាគ្នា នៅក្នុងថ្ងៃមុខនោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

Most Popular

To Top