ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភា អាមេរិក ចេញច្បាប់ដាក់ទណ្ឌកម្មលើរុស្ស៊ី ពាក់ព័ន្ធបញ្ហាអ៊ុយក្រែន

បរទេស៖សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សលទ្ធិប្រជាធិបតេយ្យ នឹងធ្វើការបង្ហាញនូវច្បាប់មួយ ដែលនឹងដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរលើមន្ត្រីរដ្ឋាភិបាលនិងយោធាជាន់ខ្ពស់រុស្ស៊ី ដោយរួមទាំងលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន និងស្ថាប័នធនាគារសំខាន់ៗ ប្រសិនបើទីក្រុងមូស្គូធ្វើការឈ្លានពានលើប្រទេសអ៊ុយក្រែន នេះបើតាមសម្តីសមាជិកព្រឹទ្ធសភា លោក Robert Menendez។

ច្បាប់ដែលស្នើឡើងនោះ រួមទាំងបទបញ្ញត្តិជួយជំរុញបង្កើនសន្តិសុខរបស់ប្រទេសអ៊ុយក្រែន និងលើកទឹកចិត្តសហរដ្ឋអាមេរិក ឲ្យពិចារណាលើវិធានការសមស្របដែលមានទាំងអស់ ដើម្បីធានាបំពង់ទុយោបង្ហូរប្រេងពីរុស្ស៊ីទៅអាល្លឺម៉ង់ Nord Stream 2 ដែលជាឧបករណ៍នៃឥទ្ធិពលអាក្រក់របស់សហព័ន្ធរុស្ស៊ីនោះ មិនត្រូវបានដំណើរការ។

ប្រធានគណៈកម្មការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភា លោក Robert Menendez បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ច្បាប់នេះធ្វើឲ្យវាជាក់ច្បាស់ថា ព្រឹទ្ធសភាសហរដ្ឋអាមេរិក នឹងមិនឈរឱបដៃមើល នៅពេលដែលវិមានក្រឹមឡាំងគម្រាមកំហែងធ្វើការឈ្លានពានជាថ្មី ទៅលើអ៊ុយក្រែននោះទេ”។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី នាពេលថ្មីៗកន្លងមកនេះ បានប្រមូលផ្តុំកងទ័ពប្រមាណ១០០.០០០នាក់ នៅជិតព្រំដែនរបស់ប្រទេសអ៊ុយក្រែន ហើយទីក្រុងវ៉ាស៊ីនតោន កំពុងតែព្យាយាមជំរុញទីក្រុងមូស្គូ មិនឲ្យធ្វើការឈ្លានពានប្រទេសអ៊ុយក្រែនជាថ្មីម្តងទៀត៕

Most Popular

To Top