ព័ត៌មានអន្តរជាតិ

ភាពវឹកវរ ហានិភ័យ លើអាមេរិកនៅឆ្នាំ២០២២ បង្កើតភាពមិនច្បាស់លាស់ សម្រាប់ការងើបឡើងវិញ ជាសកល

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានឃើញសុបិន្តអាក្រក់ ជាច្រើននៅឆ្នាំ២០២១ ជាមួយនឹងអ្វីៗគ្រប់យ៉ាង ពីកុប្បកម្ម លើសភាកាពីតូល របស់សហរដ្ឋអាមេរិក ដល់ការឆ្លើយតប ដ៏មហន្តរាយ ចំពោះជំងឺរាតត្បាត កូវីដ-១៩ និងពីវិបត្តិ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រហូតដល់ការកើនឡើង នៃអំពើហិង្សាដោយកាំភ្លើង នៅទូទាំងប្រទេស ។

ហានិភ័យ និងភាពចលាចល ដែលបានបង្កាត់ពូជនៅក្នុងវិស័យផ្សេងៗគ្នា នៃប្រទេសនេះ បង្ហាញសញ្ញា នៃការថមថយ ហើយអាចនឹងហៀរ ទៅដល់ប្រទេសដទៃទៀត ដែលធ្វើឲ្យប៉ះពាល់ដល់ការងើបឡើងវិញ របស់ពិភពលោក ពីជំងឺរាតត្បាតនៅឆ្នាំ២០២២។

ជំងឺរាតត្បាត ដែលរីករាល ដាលយ៉ាង ឆាប់រហ័សបន្តជះឥទ្ធិពលស្ទើរ តែគ្រប់ផ្នែក នៃសហរដ្ឋអាមេរិក ដែលជាប្រទេស រងគ្រោះខ្លាំងបំផុត ដោយជំងឺរាតត្បាត ដោយមានករណីឆ្លងច្រើនជាងគេបំផុត លើពិភពលោក និងចំនួនអ្នកស្លាប់ខ្ពស់បំផុត ដោយសារស្ថានភាព អភិបាលកិច្ចរបស់ប្រទេស។

យោងតាមសាកលវិទ្យាល័យ Johns Hopkins ចំនួនករណីសរុប នៃជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ៦៤,៨លាននាក់កាលពីថ្ងៃសៅរ៍ ។ ប៉ុន្មានថ្ងៃមុនប្រទេសនេះ បានបំបែកកំណត់ត្រាមួយ ថ្ងៃជាមួយនឹងការឆ្លងជិត ១,៥លានករណី។

ខណៈពេលដែលគណបក្ស ប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋកំពុងផ្លាស់ប្តូរកាន់តែដាច់ពីគ្នា លើការឆ្លើយតបរបស់ប្រទេស ចំពោះជំងឺរាតត្បាតនេះ ប្រជាជនអាមេរិក កំពុងប្រជែងជាមួយនឹង ទម្រង់ឆ្លងថ្មីអូមីក្រុង ក៏ដូចជាអតិផរណា ដែលកំពុងកើនឡើង និងឧក្រិដ្ឋកម្មហឹង្សា។

កាសែត New York Times បានរាយការណ៍ថាជំងឺរាតត្បាត ពិតជាកំពុងបំផ្លាញការជឿទុកចិត្ត ដែលសាធារណជនអាមេរិក បានដាក់នៅក្នុងរដ្ឋាភិបាល របស់ពួកគេ ដោយបន្ថែមថាជំងឺរាតត្បាតដ៏សាហាវនេះ បានបង្ហាញថាជា “ការធ្វើតេស្តភាពតានតឹងរយៈពេលជិត ២ឆ្នាំដែលសហរដ្ឋអាមេរិក បានធ្វើ”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top