ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីល ផ្លោងពីអាកាសយានដ្ឋាន ព្យុងយ៉ាង

បរទេស៖យោធារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានបាញ់មីស៊ីលផ្លោងវាយប្រហារក្នុងចម្ងាយជិតចំនួន២គ្រាប់ ពីអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងព្យុងយ៉ាងរបស់ខ្លួន ហើយនេះគឺជាការតេស្តមីស៊ីលលើកទី៤របស់ប្រទេសកុម្មុយនិស្តឯកោ ក្នុងរយៈពេលតិចជាងពីរសប្ដាហ៍។

នៅក្នុងសារមួយឲ្យដល់អ្នកសារព័ត៌មាន អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយប្រាប់ថា គ្រាប់មីស៊ីលទាំងនោះ គឺបាញ់ពីព្រលានយន្តហោះ Sunan ឆ្ពោះទៅទិសឧត្តរ ហោះបានចម្ងាយ២៣៦ម៉ាយ ក្នុងរយៈកម្ពស់២៦ម៉ាយ ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រស្ថិតនៅចន្លោះប្រទេសកូរ៉េនិងជប៉ុន នៅម៉ោង៨និង៥០នាទី និងនៅម៉ោង៨និង៥៤នាទី។

តាមសេចក្តីរាយការណ៍ យោធារបស់ប្រទេសជប៉ុន ក៏បានរាយការណ៍អំពីការបាញ់តេស្តសាកល្បងនោះដែរ និងបាននិយាយថា មីស៊ីលទាំងពីរគ្រាប់ បានធ្លាក់នៅជិតតំបន់ឆ្នេរខាងកើតនៃប្រទេសកូរ៉េខាងជើង និងនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បាននិយាយយ៉ាងដូច្នេះថា ការបាញ់តេស្តមីស៊ីលដដែលៗរបស់កូរ៉េខាងជើង គម្រាមកំហែងដល់សន្តិភាពនិងសន្តិសុខរបស់ប្រទេសជប៉ុនិងតំបន់ ហើយជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ សម្រាប់សហគមន៍អន្តរជាតិទាំងមូល៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top