ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នៅថ្ងៃពុធនេះថា ប្រទេសវៀតណាម បានកត់ត្រាករណីដំបូងរបស់ខ្លួន នៃមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron នៅក្នុងសហគមន៍ ខណៈដែលអាជ្ញាធរសុខាភិបាល បានជំរុញឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្ន របស់ពួកគេដោយសារតែការគំរាមកំហែង ពីវីរុសបំប្លែងខ្លួនប្រភេទនេះ ។
កាសែត Tien Phong បានរាយការណ៍ដោយដកស្រង់ សម្តីអាជ្ញាធរសុខាភិបាលថា ករណីវិជ្ជមានចំនួន៣ ត្រូវបានរកឃើញកាលពីចុងសប្តាហ៍ នៅទីក្រុងហូជីមិញ ហើយត្រូវបានបញ្ជាក់ថា ជាប្រភេទ Omicron កាលពីល្ងាចថ្ងៃអង្គារ ។
ប្រទេសអាស៊ីអាគ្នេយ៍នេះ ធ្លាប់បានរកឃើញ ករណីឆ្លងច្រើនជាង៧០ករណី ក្នុងចំណោមអ្នកដែលត្រូវបាន ដាក់ឱ្យនៅដាច់ដោយឡែកពីគេ ដែលចូលមកប្រទេសវៀតណាម ដែលមកពីបរទេស ។
ក្រសួងសុខាភិបាលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីសប្តាហ៍មុនថា “សហគមន៍ចាំបាច់ត្រូវបង្កើនការប្រុងប្រយ័ត្ន របស់ពួកគេប្រឆាំងនឹងវីរុស Omicron ដោយមិនប្រមូលផ្តុំនៅកន្លែង ដែលមានមនុស្សច្រើន និងទទួលបានវ៉ាក់សាំងពេញលេញ” ។
សរុបមក វៀតណាម បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ ជាង២លាននាក់ និងមានអ្នកស្លាប់ជិត៣៦.០០០នាក់ ។
យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា ជាង៧៤ភាគរយ នៃចំនួនប្រជាជនសរុបរបស់ប្រទេសនេះ គឺ៩៨លាននាក់ បានទទួលការចាក់វ៉ាក់សាំង យ៉ាងហោចណាស់២ដូស ។
ប្រទេសវៀតណាម ក៏បានបើកដំណើរការ ការចាក់វ៉ាក់សាំងដូសជំរុញ ដោយអាជ្ញាធរបានសន្យាថា មនុស្សពេញវ័យទាំងអស់ គួរតែទទួលបានវ៉ាក់សាំងបន្ថែម នៅចុងខែមីនា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា