ព័ត៌មានអន្តរជាតិ

ក្រិក ជំរុញពង្រឹងកងកម្លាំងអាកាស ដោយយន្តហោះចម្បាំងទំនើប របស់បារាំង

បរទេស៖ យន្តហោះចម្បាំងផលិតដោយបារាំង នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បានធ្វើការហោះហើរ នៅពីលើបន្ទាយ Acropolis ស្របពេលដែលក្រិកប្រឹងប្រែង ធ្វើទំនើបកម្មយោធាខ្លួន និងបង្អួតសម្ពន្ធភាពសន្តិសុខថ្មី ដែលមានគោលដៅពិនិត្យមើល ប្រទេសជិតខាង គឺតួកគី។

យន្តហោះចម្បាំង Rafale ដ៏ទំនើបចំនួន៦គ្រឿង ដែលទិញពី កងកម្លាំងទ័ពជើងអាកាសបារាំងនោះ បានធ្វើការហោះហើរ ក្នុងរយៈកម្ពស់ទាប ពីលើទីក្រុងអាតែន នៅមុនធ្វើការប្រគល់ឲ្យជាផ្លូវការ ដល់កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសក្រិក នៅមូលដ្ឋានកងទ័ពអាកាសក្បែរនោះ។

នៅក្នុងពិធីប្រគល់យន្តហោះនោះ នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការមកដល់នៃយន្តហោះចម្បាំង Rafale ទាំងនេះ បង្ហាញឲ្យឃើញនូវការធ្វើទំនើបកម្ម ទាំងផ្នែកប្រតិបត្តិការ បច្ចេកទេស និងភូមិសាស្ត្រនយោបាយ សម្រាប់ប្រទេសយើង”។

គួរបញ្ជាក់ថា ក្រៅពីយន្តហោះចម្បាំងបារាំង ចំនួន៦គ្រឿងនេះ ប្រទេសក្រិកក៏គ្រោងទទួលយក យន្តហោះចម្បាំង Rafale ចំនួន៦គ្រឿងបន្ថែមទៀត នៅពេលក្រោយ និងចំណាយប្រាក់ ៣ពាន់លានអឺរ៉ូបន្ថែមទៀត ដើម្បីទិញនាវាចម្បាំង ដែលផលិតដោយបារាំងថ្មី ចំនួន៣គ្រឿង៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top