ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ា ចាប់ខ្លួនអ្នកកាសែតជាច្រើនរូប នៅក្នុងពេលបង្រ្កាបប្រព័ន្ធឃោសនាព័ត៌មាន

រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ថាយោធាមីយ៉ាន់ម៉ា បានចាប់ខ្លួនមនុស្ស៣នាក់ដែលធ្វើការឱ្យគេហទំព័រព័ត៌មានឯករាជ្យមួយឈ្មោះ Dawei Watch ដែលជាអ្នកកែសម្រួលនៅក្នុងការបោះពុម្ពផ្សាយបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ ដែលជាការឃុំខ្លួនចុងក្រោយក្រោមការបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយដែលបានកើតឡើងចាប់តាំងពីរដ្ឋប្រហារឆ្នាំមុន ។

លោកស្រី Moe Myint ជាអ្នកកាសែតអាយុ៣៥ឆ្នាំ និងជាម្តាយបង្កើតកូន៣នាក់ត្រូវបានឃុំខ្លួនកាលពីថ្ងៃអង្គារនៅទីក្រុង Dawei ដែលជាទីក្រុងមួយនៅភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា។ និពន្ធនាយកដែលបានសុំមិនបញ្ចេញឈ្មោះដោយសារតែបញ្ហានេះជារឿងរសើប ។

អ្នកកាសែតម្នាក់ទៀតឈ្មោះ Ko Zaw អាយុ៣៨ឆ្នាំ និង Thar Gyi អាយុ២១ឆ្នាំជាអ្នករចនាគេហទំព័រនៅក្នុងការបោះពុម្ពនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ។

អ្នកនិពន្ធដែលបានអំពាវនាវឱ្យដោះលែងពួកគេភ្លាមៗបានលើកឡើងថា “បច្ចុប្បន្នពួកគេកំពុងត្រូវបានឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិសក្នុងទីក្រុង Dawei ហើយមូលហេតុនៃការចាប់ខ្លួនពួកគេនៅតែមិនទាន់ដឹងនៅឡើយ” ។

អ្នកនាំពាក្យរបបយោធាកាន់អំណាចមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ ។

រដ្ឋាភិបាលយោធាធ្លាប់បាននិយាយថា ខ្លួនគោរពតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យរាយការណ៍ដែលវាចាត់ទុកថា ជារឿងមិនពិត ឬទំនងជាបង្កចលាចលសាធារណៈ ។

គេបានដឹងថា យោធាបានដកហូតអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយ បានដាក់ការទប់ស្កាត់លើការផ្សាយតាមអ៊ីនធឺណិត និងផ្កាយរណប ហើយបានចាប់ខ្លួនអ្នកកាសែតរាប់សិបនាក់ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ៕

Most Popular

To Top