រ៉ងហ្គូន ៖ ទូរទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ថា យោធាមីយ៉ាន់ម៉ា បានចាប់ខ្លួន មនុស្ស ៣នាក់ ដែលធ្វើការ ឱ្យគេហទំព័រ ព័ត៌មានឯករាជ្យ មួយឈ្មោះ Dawei Watch ដែលជាអ្នកកែសម្រួល នៅក្នុងការបោះពុម្ពផ្សាយ បានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការឃុំខ្លួនចុងក្រោយក្រោម ការបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយ ដែលបានកើតឡើង ចាប់តាំងពីរដ្ឋ ប្រហារឆ្នាំមុន ។
លោកស្រី Moe Myint ជាអ្នកកាសែត អាយុ៣៥ឆ្នាំ និងជាម្តាយបង្កើតកូន៣នាក់ត្រូវបានឃុំខ្លួនកាលពីថ្ងៃអង្គារ នៅទីក្រុង Dawei ដែលជាទីក្រុងមួយ នៅភាគខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា។ និពន្ធនាយកដែលបានសុំមិនបញ្ចេញឈ្មោះ ដោយសារតែបញ្ហានេះ ជារឿងរសើប ។
អ្នកកាសែតម្នាក់ទៀតឈ្មោះ Ko Zaw អាយុ៣៨ឆ្នាំ និង Thar Gyi អាយុ២១ឆ្នាំជាអ្នករចនាគេហទំព័រ នៅក្នុងការបោះពុម្ពនេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃពុធ ។
អ្នកនិពន្ធដែលបានអំពាវនាវ ឱ្យដោះលែងពួកគេភ្លាមៗ បានលើកឡើងថា “បច្ចុប្បន្នពួកគេកំពុងត្រូវបានឃុំខ្លួន នៅប៉ុស្តិ៍ប៉ូលិស ក្នុងទីក្រុង Dawei ហើយមូលហេតុ នៃការចាប់ខ្លួនពួកគេ នៅតែមិនទាន់ដឹងនៅឡើយ” ។
អ្នកនាំពាក្យរបបយោធាកាន់អំណាច មិនបានឆ្លើយតបនឹងសំណើ សុំការអត្ថាធិប្បាយនោះទេ ។
រដ្ឋាភិបាលយោធា ធ្លាប់បាននិយាយថា ខ្លួនគោរពតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យរាយការណ៍ ដែលវាចាត់ទុកថា ជារឿងមិនពិត ឬទំនងជាបង្កចលាចលសាធារណៈ ។
គេបានដឹងថា យោធាបានដកហូតអាជ្ញាប័ណ្ណ ប្រព័ន្ធផ្សព្វផ្សាយ បានដាក់ការទប់ស្កាត់លើការផ្សាយ តាមអ៊ីនធឺណិត និងផ្កាយរណប ហើយបានចាប់ខ្លួនអ្នកកាសែតរាប់សិបនាក់ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា