បរទេស៖ ប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសរុស្ស៊ី ពីបទជំរុញបង្កើនការផ្គត់ផ្គង់អាវុធ គ្រាប់រំសេវ និងសម្ភារៈយោធានានា ទៅឲ្យតំបន់បំបែកខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ទន្ទឹមនឹងការធ្វើការជ្រើសរើសយ៉ាងសកម្ម នូវទាហានស៊ីឈ្នួលដើម្បីធ្វើការប្រយុទ្ធ នៅក្នុងជម្លោះដែលកំពុងតែប្រព្រឹត្តទៅ។
ការអះអាងដែលធ្វើឡើង ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ យោធារបស់ទីក្រុងគៀវ នាថ្ងៃសុក្រនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ជួបគ្នាក្នុងទីក្រុងហ្សឺណែវ ដែលជាការប៉ុនប៉ង ដ៏ថ្មីបំផុតតាមបែបការទូត ក្នុងគោលបំណងកាត់បន្ថយភាព ភ័យខ្លាចអំពីការឈ្លានពានរបស់រុស្ស៊ី។

ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន បាននិយាយប្រាប់ថា ទីក្រុងមូស្គូបន្តបង្កើនសមត្ថភាព ប្រយុទ្ធរបស់ពួកបះបោរគាំទ្ររុស្ស៊ី ហើយចាប់តាំងពីដើមខែនេះមក បានធ្វើការដឹកជញ្ជូនដោយ សម្ងាត់តាមផ្លូវដែកនិងផ្លូវគោក នូវប្រេងឥន្ធនៈជាង៧.០០០តោន រថក្រោះជាច្រើនគ្រឿង និងអង្គភាពកាំភ្លើងធំ ទៅកាន់តំបន់បះបោរ។
តាមសេចក្តីរាយការណ៍ ទីភ្នាក់ងារដដែលនេះ បានបន្តទៀតថា ប្រទេសរុស្ស៊ីក៏កំពុងតែ ធ្វើការជ្រើសរើសយ៉ាងសកម្ម នូវទាហានស៊ីឈ្នួល ដែលកំពុងត្រូវបានបញ្ជូនទៅកាន់តំបន់ ដែលគ្រប់គ្រងកាន់កាប់ដោយ ពួកបះបោរនោះផងដែរ ៕
ប្រែសម្រួល៖ ប៉ាង កុង
