ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ នឹងមិនផ្គត់ផ្គង់អាវុធ ឲ្យអ៊ុយក្រែន សម្រាប់ពេលបច្ចុប្បន្ន

បរទេស៖ ក្នុងបទសម្ភាសន៍មួយ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ ក្រោយពីរបីថ្ងៃបន្ទាប់ពីអង់គ្លេស ចាប់ផ្តើមផ្គត់ផ្គង់អាវុធបាញ់យន្តហោះ ឲ្យទីក្រុងគៀវនោះ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht បានមានប្រសាសន៍ថា ទីក្រុងប៊ែកឡាំង សម្រាប់ពេលបច្ចុប្បន្ននេះ នឹងមិនទាន់បញ្ជូនអាវុធឲ្យអ៊ុយក្រែន ដែលកំពុងប្រឈមមុខជាមួយរុស្ស៊ីនោះទេ។ 

គួរបញ្ជាក់ថា សមាជិកព្រឹទ្ធសភា ក៏បានសន្យាផ្តល់អាវុធឲ្យប្រទេសអ៊ុយក្រែន ដែលអាចនឹងរួមមានទាំងគ្រាប់មីស៊ីល អាវុធធន់ស្រាលនិងទូក ដើម្បីជួយប្រទេសនេះការពារខ្លួន ពីការឈ្លានពានដ៏ខ្លាំងក្លាណាមួយ ស្របពេលដែលប្រទេសរុស្ស៊ី បានប្រមូលផ្តុំកងទ័ពនៅជិតព្រំដែនអ៊ុយក្រែន។ 

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ប៉ុន្តែអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នាពេលថ្មីៗនេះ បានធ្វើការសង្កត់ធ្ងន់ ពីគោលនយោបាយរបស់ទីក្រុងប៊ែកឡាំង មិនផ្គត់ផ្គង់អាវុធធន់ធ្ងន់ឲ្យដល់តំបន់មានជម្លោះ។ 

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht បាននិយាយប្រាប់កម្មវិធី Welt am Sonntag យ៉ាងដូច្នេះថា “ខ្ញុំអាចយល់បានពីបំណងប្រាថ្នា ចំពោះការគាំទ្រ ដល់ប្រទេសអ៊ុយក្រែន ហើយនោះគឺពិតជាអ្វី ដែលយើងកំពុងតែធ្វើរួចទៅហើយ”៕  ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top