បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បានធ្វើការថ្កោលទោស ចំពោះការវាយប្រហារតាមអាកាស ធ្វើដោយកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសុក្រ នៅក្នុងប្រទេសយេម៉ែន ដែលតាមសេចក្តីរាយការណ៍ បានសម្លាប់មនុស្សតិចបំផុត ៦០នាក់ នៅមន្ទីរឃុំឃាំងមួយក្នុងខេត្ត Saada ដែលពួកហូធីកាន់កាប់។
សាក្សីឃើញហេតុការណ៍នោះម្នាក់ បាននិយាយប្រាប់ថា មនុស្សជាច្រើននាក់ ដែលក្នុងនោះមានទាំងជនអន្តោប្រវេសន៍អាហ្វ្រិកផង បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ វាយប្រហារនោះ លោក Stephane Dujarric ជាអ្នកនាំពាក្យឲ្យអគ្គលេខាធិការ អង្គការសហប្រជាជាតិ បាននិយាយប្រាប់ថា ការវាយប្រហារ តាមអាកាសថែមទៀត ត្រូវបានគេរាយការណ៍ថាមាន នៅក្នុងទីផ្សេងទៀត ក្នុងប្រទេសយេម៉ែន ដោយមានទាំងកុមារផងបានស្លាប់បាត់បង់ជីវិត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Stephane Dujarric បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការវាយប្រហារតាមអាកាសទៅលើទីតាំងទូរគមនាគមន៍នានា នៅក្នុងទីក្រុង Hodeidah ក៏បានរំខានជាងខ្លាំង ដល់សេវាអ៊ីនធឺណេតសំខាន់ៗ នៅទូទាំងតំបន់ភាគច្រើនរបស់ប្រទេស”។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Straits Times នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីនាំពាក្យឲ្យអគ្គលេខាធិការ អង្គការសហប្រជាជាតិរូបនេះ បានបន្តទៀតដូច្នេះថា “លោកអគ្គលេខាធិការ ស្នើឲ្យមានការស៊ើបអង្កេតភ្លាមៗប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព ចំពោះហេតុការណ៍ទាំងនេះ ដើម្បីធានាឲ្យមានអ្នកទទួលខុសត្រូវ”៕ ប្រែសម្រួល៖ប៉ាង កុង