គៀវ ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានលើកឡើងថា ទីក្រុងគៀវ គាំទ្រការឆ្លើយតប របស់សហរដ្ឋអាមេរិក ចំពោះសំណើរបស់ទីក្រុងម៉ូស្គូ ស្តីពីការធានាសន្តិសុខទាក់ទងនឹងអ៊ុយក្រែន ។
លោក Kuleba ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាល អ៊ុយក្រែនថា “ជំហររបស់អ៊ុយក្រែន ត្រូវបានគេយកមកពិចារណា ហើយ សំណើដែលសហរដ្ឋអាមេរិក នឹងបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី នៅក្នុងផ្នែកទាក់ទង នឹងអ៊ុយក្រែន មិនបណ្តាល ឱ្យមានការជំទាស់ របស់យើងនោះទេ” ។
រដ្ឋមន្ត្រីរូបនេះបានបន្ដថា ភាគីអ៊ុយក្រែន បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនលើបញ្ហា ដែលមានបំណងដោះស្រាយវិបត្តិ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
កាលពីថ្ងៃអង្គារ អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Ned Price បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន បានបង្កើតការឆ្លើយតប ជាលាយលក្ខណ៍អក្សរ ចំពោះសំណើរបស់រុស្ស៊ី ស្តីពីការធានាសន្តិសុខនៅអឺរ៉ុប ដោយគិតគូរពីមុខតំណែង របស់សម្ព័ន្ធមិត្ត និងដៃគូទាំងអស់នៅអឺរ៉ុប រួមទាំងអ៊ុយក្រែនផងដែរ ។
កាលពីខែមុនទីក្រុងម៉ូស្គូ បានបញ្ជូនទៅទីក្រុង វ៉ាស៊ីនតោន នូវសេចក្តី ព្រាងកិច្ច ព្រមព្រៀង ស្តីពីការធានាសន្តិសុខ ។ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក វិធានការ ដែលបានស្នើឡើង រួមមានការធានាថា អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) នឹងមិនពង្រីកទៅខាងកើតឡើយ ៕
ដោយ ឈូក បូរ៉ា