បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា វាប្រាកដច្បាស់ថា សហរដ្ឋអាមេរិក មិនចង់ដោះស្រាយក្តីព្រួយបារម្ភសន្តិសុខ ដ៏ចម្បងរបស់ខ្លួននោះទេ ប៉ុន្តែបានបន្តចំហរទ្វារ សម្រាប់កិច្ចពិភាក្សាគ្នាបន្ថែមទៀត ក្នុងដំណើរជាប់គាំងជុំវិញ បញ្ហាប្រទេសអ៊ុយក្រែន។
មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូ ដែលបានប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់ នៅជិតប្រទេសអ៊ុយក្រែននោះ នឹងមិនប្រញាប់ប្រញាល់ ធ្វើការសម្រេចបញ្ចប់នោះទេ ក្រោយទីក្រុងវ៉ាស៊ីនតោន បានឆ្លើយតបជាផ្លូវការ ចំពោះសំណើរុស្ស៊ី សម្រាប់ការចាត់ចែងឡើងវិញ នូវការរៀបចំសន្តិសុខ ក្រោយសង្គ្រាមត្រជាក់នៅអឺរ៉ុប។
ដោយធ្វើការពិពណ៌នាភាពតានតឹងថា ជាការរំឭកជាថ្មីនៃសង្គ្រាមត្រជាក់នោះ មន្ត្រីនាំពាក្យវិមានក្រឹមឡាំងរូបនេះ បានមានប្រសាសន៍ថា វានឹងត្រូវការពេលវេលា សម្រាប់ទីក្រុងមូស្គូ ដើម្បីពិនិត្យមើលការឆ្លើយតប កាលពីថ្ងៃពុធពីសហរដ្ឋអាមេរិក ប៉ុន្តែលោកបន្តថា សេចក្តីថ្លែងការណ៍អាមេរិកនិងណាតូ ដែលថា ការទាមទារដ៏ចម្បងរបស់រុស្ស៊ី គឺមិនអាចទទួលយកបាននោះ មិនមានសល់ទីច្រើនទេ សម្រាប់សុទិដ្ឋិនិយម។
លោក Dmitry Peskov បាននិយាយយ៉ាងដូច្នេះថា “ផ្អែកលើអ្វីដែលសហសេវិករបស់យើង និយាយកាលពីម្សិលមិញ វាច្បាស់ខ្លាំងណាស់ថា លើប្រភេទសំខាន់ៗ ដែលរៀបរាប់នៅ ក្នុងឯកសារព្រាងទាំងនោះ យើងមិនអាចនិយាយថា គំនិតរបស់យើងត្រូវបាន គេយកទៅពិចារណា ឬក៏ថា ឆន្ទៈត្រូវបានបង្ហាញយកក្តីព្រួយបារម្ភ របស់យើងទៅពិចារណានោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង