បរទេស ៖ រដ្ឋមន្ត្រីការបរទេសបារាំង តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងព្យាយាមធ្វើការ វាយតម្លៃថា តើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ចង់បានកិច្ចពិភាក្សាគ្នា ឬក៏ការប្រឈមមុខដាក់គ្នា ជុំវិញបញ្ហាប្រទេសអ៊ុយក្រែន នៅពេលមេដឹកនាំទាំងពីរ ពិភាក្សាគ្នា តាមទូរស័ព្ទនៅថ្ងៃសុក្រនេះ ។
និយាយប្រាប់ដល់វិទ្យុ RTL លោករដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian បានមានប្រសាសន៍ថា លោកខាងលិចនៅតែពិចារណាថា ការពិភាក្សាគ្នាគឺអាចទៅរួច ប៉ុន្តែគ្រប់យ៉ាងគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោក ពូទីន។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា នៅពេលត្រូវគេចោទសួរថា តើមេដឹកនាំរុស្ស៊ីចង់ក្លាយជាមហាអំណាចបង្កអស្ថិរភាព ឬក៏នឹងស្វែងរកភាពគ្មានការតានតឹងនោះ លោក Jean-Yves Le Drian បាននិយាយប្រាប់វិទ្យុ RTL យ៉ាងដូច្នេះថា “វាអាស្រ័យលើលោក វ្លាឌីមៀរ ពូទីន ត្រូវនិយាយថា តើលោកចង់បានការពិភាក្សាគ្នា ឬក៏ការប្រឈមមុខដាក់គ្នា” ។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ទីក្រុងមូស្គូបានប្រមូលផ្តុំកង ទ័ពខ្លួនរាប់ម៉ឺននាក់ នៅតាមព្រំដែន ជាប់នឹងប្រទេស អ៊ុយក្រែន និងបានស្វះស្វែង ឲ្យមានការធានាសន្តិសុខ ពីលោកខាងលិច ដោយរួមទាំងការសន្យាថា អង្គការណាតូនឹងមិនអនុញ្ញាតឲ្យអ៊ុយក្រែន ចូលរួមជាសមាជិកនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង