បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃសុក្រថា ការបង្កើតកងកម្លាំងរុស្ស៊ី នៅតាមព្រំដែនអ៊ុយក្រែន បានឈានដល់ចំណុច ដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ឥឡូវនេះមានជម្រើសយោធា ពេញលេញ រួមទាំងសកម្មភាពខ្លី នៃការលុកលុយពេញ លេញផងដែរ ។
យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Austin បានប្រាប់សន្និសីទ សារព័ត៌មាននៅមន្ទីរ បញ្ចកោណថា “ខណៈដែល យើងមិនជឿថា ប្រធានាធិបតីពូទីន បានធ្វើការសម្រេចចិត្ត ចុងក្រោយ ក្នុងការប្រើប្រាស់កងកម្លាំង ទាំងនេះប្រឆាំងនឹង អ៊ុយក្រែននោះ តែឥឡូវនេះគាត់ពិតជាមានសមត្ថភាព” ។
នៅទីក្រុងមូស្គូ វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន បានប្រាប់ប្រធានាធិបតីបារាំង លោក Emmanuel Macron ថា លោកខាងលិចបានបរាជ័យ ក្នុងការយកបញ្ហាសន្តិសុខរបស់រុស្ស៊ី មកពិចារណា ហើយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់អ្នកសម្ភាសន៍តាមវិទ្យុថា រុស្ស៊ីមិនចង់បានសង្រ្គាមទេ ប៉ុន្តែមើលមិនឃើញ កន្លែងសម្រាប់ការសម្របសម្រួល លើរបស់ខ្លួនដែលបានទាមទារ។
លោក Lloyd Austin បាននិយាយ ថា លោក ពូទីន អាចប្រើប្រាស់ផ្នែកណាមួយនៃកម្លាំងរបស់គាត់ នៃកងទ័ពប្រមាណ 100 000 នាក់ ដើម្បីដណ្តើមយកទីក្រុង និង “ទឹកដីសំខាន់ៗ របស់អ៊ុយក្រែន” ឬដើម្បីចាប់ផ្តើម “សកម្មភាពបង្ខិតបង្ខំ ឬសកម្មភាពនយោបាយ បង្កហេតុ” ដូចជាការទទួលស្គាល់ទឹកដី ដែលបែកបាក់នៅក្នុងអ៊ុយក្រែន ។ លោកបានជំរុញឱ្យលោក ពូទីន បន្ធូរបន្ថយភាពតានតឹងនេះ ៕
ប្រែសម្រួលៈ ណៃ តុលា