ព័ត៌មានអន្តរជាតិ

ស្ពានប្រវត្តិសាស្រ្តមួយ នៅប្រទេសហូរឡង់ នឹងត្រូវរុះរើផ្នែកកណ្តាលចេញ ដើម្បីឱ្យនាវាកំសាន្ត ទំនើបរបស់មហាសេដ្ឋី Jeff Bezos អាចឆ្លងកាត់បាន

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសហូឡង់ បានរាយការណ៍កាលពីថ្ងៃពុធថា ស្ពាន Koningshaven ដ៏ល្បីល្បាញ ដែលត្រូវបានគេស្គាល់ជាទូទៅថា De Hef នឹងត្រូវរុះរើដោយផ្នែក ដោយផ្នែកកណ្តាល របស់វាត្រូវបានដកចេញជា បណ្តោះអាសន្ន ដូច្នេះនាវាកំសាន្ត របស់មហាសេដ្ឋី គឺលោក Jeff Bezos អាចធ្វើដំណើរឆ្លងកាត់បាន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ការសាងសង់នាវាលំហែរកាយ ដ៏ធំសម្បើមដែលមានសសរចំនួន៣ ដែលត្រូវបានរាយការណ៍ថា មានតម្លៃ ៤៣០ លានអឺរ៉ូ (៤៨៥ លានដុល្លារ) ត្រូវបានប្រគល់ឱ្យ ទៅជាអ្នកសាងសង់កប៉ាល់ Oceanco នៅ Alblasserdam ដែលជាទីប្រជុំជនក្នុងខេត្ត South Holland របស់ប្រទេស ។ ទោះជាយ៉ាងណាក៏ដោយ កប៉ាល់ត្រូវឆ្លងកាត់ទីក្រុង Rotterdam ដើម្បីចូលទៅក្នុងសមុទ្រ ហើយមានទំហំធំពេក សម្រាប់ប្រឡោះនៃស្ពាន ។

ស្ពាន De Hef មានអាយុកាលតាំងពីឆ្នាំ ១៨៧៨ ។ កំណែប្រែទំនើប របស់ស្ពាននេះ ត្រូវបានបង្ហាញនៅឆ្នាំ ១៩២៧ ។ ស្ពាននេះត្រូវបានខូចខាត យ៉ាងធ្ងន់ធ្ងរ ដោយគ្រាប់បែកក្នុងកំឡុង សង្គ្រាមលោកលើកទីពីរ ស្ពាននេះ គឺជាសំណង់មួយក្នុងចំណោម សំណង់ដំបូងគេនៅក្នុងទីក្រុង ដែលត្រូវបានជួសជុលឡើងវិញ។ ស្ពាន De Hef បានឈប់ដំណើរការជាស្ពានផ្លូវដែកក្នុងឆ្នាំ ១៩៩៣ ហើយនៅតែជាបូជនីយដ្ឋានជាតិ។

ក្រុមហ៊ុន Oceanco និងមហាសេដ្ឋី Bezos ត្រូវបានគេនិយាយថា បានព្រមព្រៀងក្នុងការចំណាយលើការងារលើស្ពាន។ ទោះជាយ៉ាងនេះក្តី អ្នកស្រុកខ្លះមានការខឹងសម្បារដែលស្ពាន ដែលគេស្រលាញ់ខ្លាំងនោះ នឹងត្រូវរុះរើ ជាពិសេសដោយសារតែមន្ត្រីបានសន្យាថា នឹងមិនអាចកាត់ផ្តាច់ ស្ពានឡើយ ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top