PRACHUAP KHIRI KHAN៖ គណៈកម្មាធិការជំងឺឆ្លង ខេត្ត PRACHUAP KHIRI KHAN បានយល់ព្រមអនុញ្ញាត ឱ្យកូនប្រុសរបស់សមាជិកសភា នៃគណបក្ស Bhumjaithai រៀបការជាមួយកូនស្រីរបស់រដ្ឋលេខាធិការ ក្រសួងកសិកម្មនិង សហករណ៍ បន្ទាប់ពីកូនក្រមុំនិងកូនកំលោះ បានយល់ព្រមកាត់បន្ថយចំនួនភ្ញៀវចូលរួមពី ៤ ០០០នាក់ មក ត្រឹម ១ ០០០នាក់ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញ ផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា គណៈកម្មាធិការ ដែលដឹកនាំដោយអភិបាលរង ខេត្តលោក Prompiriya Kitnuson កាលពីថ្ងៃពុធ បានផ្តល់ភ្លើងខៀវឱ្យពិធីមង្គលការនេះ។
លោក Pongphan ដែលជាកូនប្រុសរបស់ Swap Phaoprathan សមាជិកសភា មក ពីគណបក្ស Bhumjaithai បានសុំការអនុញ្ញាត ពីគណៈកម្មការរៀបចំពិធីមង្គលការ របស់លោកនៅទីវាលទំហំ ៥០ រ៉ៃ ទល់មុខ STK Farm ជិតមន្ទីរពេទ្យ Thap Sakae នៅថ្ងៃទី២០ ខែកុម្ភៈ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អ្នករៀបចំបានបង្ហាញផែនការ Covid-19 សម្រាប់ពិធីមង្គលការ ដែលរួមមានចំណុចពិនិត្យច្រើន និងតម្រូវការចាក់ថ្នាំបង្ការយ៉ាងតឹងរឹង ៕
ប្រែសម្រួលៈ ណៃ តុលា