ប៉េកាំង៖ ពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសអ៊ឺរ៉ុប បានឃើញកំណើនដ៏រឹងមាំក្នុងឆ្នាំ២០២១ ដែលបង្ហាញពីភាពរឹងមាំ និងភាពធន់នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ពួកគេ បើទោះបីជាការស្ទុះងើបឡើងវិញជាសកលដ៏ទន់ខ្សោយ ដែលត្រូវបានរំខានដោយការរីករាលដាលនៃមេរោគកូវីដ-១៩ ដែលមិនមានការថមថយក៏ដោយ។
ទិន្នន័យផ្លូវការបានបង្ហាញថា ពាណិជ្ជកម្មរបស់ចិន ជាមួយសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២១ មានចំនួន ៨២៨,១ ពាន់លានដុល្លារអាមេរិក កើនឡើង ២៧,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុប ខណៈដែលសហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់ចិន។
ដោយសារពិភពលោកនៅតែឆ្លងកាត់ការលំបាក ចំពេលមានការរីករាលដាលនៃជំងឺរាតត្បាត ប្រទេសចិន បាន និងកំពុងខិតខំប្រឹងប្រែងប្រឆាំងនឹងមេរោគយ៉ាងខ្ជាប់ខ្ជួននៅផ្ទះ ខណៈពេលដែលមាននិរន្តរភាពការងើបឡើងវិញនៃសេដ្ឋកិច្ច ដោយជំរុញកំណើនពាណិជ្ជកម្មចិន-អឺរ៉ុប។
លោក Juergen Friedrich ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Germany Trade & Invest បានលើកឡើងថា ការព្យាករណ៍បង្ហាញថាទំហំពាណិជ្ជកម្មសរុបរវាងចិន និងអាល្លឺម៉ង់ទំនងជាឈានដល់កំណត់ត្រាថ្មីមួយ ដូច្នេះហើយទើបធ្វើឱ្យប្រទេសចិន ក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាល្លឺម៉ង់ សម្រាប់ឆ្នាំទី៦ ជាប់ៗគ្នា។
ការរាំងស្ទះការផ្គត់ផ្គង់ និងរលកឆ្លងទម្រង់អូមីក្រុង បានបន្ថយការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច នេះបើតាមការកត់សម្គាល់មួយ ដែលចេញផ្សាយដោយ VP Bank Group ដែលមានមូលដ្ឋាននៅ Liechtenstein នៅលើគេហទំព័ររបស់ខ្លួនកាលពីខែមករា។
លោក Thomas Gitzel ប្រធានសេដ្ឋវិទូនៅធនាគារ VP Bank បានលើកឡើងថា ដោយសារការងើបឡើងវិញនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងភស្តុភាររវាងប្រទេសអាល្លឺម៉ង់ និងដៃគូពាណិជ្ជកម្មសំខាន់ៗ ជាពិសេសប្រទេសចិន លោកមានសុទិដ្ឋិនិយមចំពោះការរីកចម្រើននៃពាណិជ្ជកម្មបរទេសរបស់អាល្លឺម៉ង់៕ដោយ ឈូក បូរ៉ា