ម៉ូស្គូ ៖ រុស្ស៊ី និងចិន បានអំពាវនាវ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ឱ្យអង្គការណាតូ បញ្ឈប់ការពង្រីក យោធារបស់ខ្លួន ខណៈដែលទីក្រុង ម៉ូស្គូបានឲ្យដឹងថា ខ្លួនគាំទ្រយ៉ាងពេញទំហឹង ចំពោះជំហររបស់ទីក្រុងប៉េកាំង ចំពោះតៃវ៉ាន់ និងប្រឆាំងនឹងឯករាជ្យភាព របស់តៃវ៉ាន់ ក្នុងគ្រប់រូបភាព។

សេចក្តីថ្លែងការណ៍រួម រួមទាំងការរិះគន់យ៉ាងចាស់ដៃ ទៅលើ សហរដ្ឋអាមេរិក ត្រូវបានចេញក្នុងអំឡុង ពេលដំណើរទស្សនកិច្ច របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសចិន សម្រាប់ព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងា។
វិមានក្រឹមឡាំងបានឲ្យដឹងថា លោក ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបពិភាក្សាគ្នាយ៉ាងកក់ក្តៅ និងសំខាន់នៅទីក្រុងប៉េកាំង ហើយបានពណ៌នាទំនាក់ទំនងថា ជាភាពជាដៃគូជឿនលឿនដែលមានចរិតពិសេស។
លោកពូទីន ក៏បានបង្ហាញពីកិច្ចព្រមព្រៀង ឧស្ម័នថ្មីដ៏សំខាន់មួយជាមួយប្រទេសចិន ដែលជាសញ្ញាបន្ថែមទៀត នៃការធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនង រវាងប្រទេសជិតខាងទាំងពីរនៅពេលមានភាពតានតឹង ខ្លាំងក្នុងទំនាក់ទំនង របស់ពួកគេជាមួយលោកខាងលិច។
សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា “ភាគីរុស្ស៊ីបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ បញ្ជាក់ថាតៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់ បានរបស់ចិន និងប្រឆាំងនឹងគ្រប់ទម្រង់ នៃឯករាជ្យភាពរបស់តៃវ៉ាន់”។
ប្រទេសទាំងពីរបានសម្តែងការព្រួយបារម្ភអំពី “ការជឿនលឿន នៃផែនការរបស់សហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធការពារ កាំជ្រួចជាសកល និងដាក់ពង្រាយធាតុរបស់ខ្លួន នៅក្នុងតំបន់ផ្សេងៗនៃពិភពលោក រួមជាមួយនឹង ការកសាងសមត្ថភាព អាវុធមិនមែននុយក្លេអ៊ែរ ដែលមានភាពជាក់លាក់ខ្ពស់ សម្រាប់ការវាយប្រហារ និងគោលដៅយុទ្ធសាស្ត្រ ផ្សេងទៀត”៕
ដោយ ឈូក បូរ៉ា
