បរទេស៖ ទាហានកងអាកាសទី 18 របស់កងទ័ពអាមេរិក បានចុះចតនៅឯអាកាសយានដ្ឋានកងទ័ព Wiesbaden ក្នុងប្រទេសអាល្លឺម៉ង់ហើយកាលពីថ្ងៃសុក្រ ដោយយន្តហោះដឹកជញ្ជូនយោធាបានផ្ទុករថយន្ត និងឧបករណ៍យោធាក្នុងនោះ ។ ទាហានដែលមកដល់នេះ គឺជាទាហានដំបូងគេក្នុងចំណោមទាហានអាមេរិកចំនួន 2 000 នាក់ ដែលត្រូវបានបញ្ជាឱ្យទៅបណ្តាប្រទេសណាតូនៅអឺរ៉ុបខាងកើត ចំពេលមានភាពតានតឹងកំពុងបន្តរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូជុំវិញបញ្ហាអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមបញ្ជាការដ្ឋាននៅអឺរ៉ុទាំងនេះនឹងបង្កើតទីស្នាក់ការកណ្តាលមួយនៅក្នុងប្រទេសអាល្លឺម៉ង់ ខណៈដែលទាហានឆ័ត្រយោង 1 700 នាក់ ជាមួយនឹងកងពលធំទ័ពអាកាសទី 82 របស់កងទ័ព នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ុយក្រែន។ សរុបមក កងទ័ពចំនួន 2 000 នាក់ មកពី Fort Bragg ក្នុងរដ្ឋ North Carolina នឹងធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ខ្សែអាត់វីដេអូបានបង្ហាញពីទាហានចុះពីលើយន្តហោះរបស់ពួកគេនៅល្ងាចថ្ងៃសុក្រ ហើយបានលើកកញ្ចប់ និងយានជំនិះ។
សេតវិមានដែលអះអាងថា រុស្ស៊ីកំពុងរៀបចំផែនការវាយប្រហារលើអ៊ុយក្រែន បាននិយាយថា ការដាក់ពង្រាយនេះមានគោលបំណង “រារាំង និងការពារប្រឆាំងនឹងការឈ្លានពានណាមួយ” ពីយោធារុស្ស៊ី។ ចំណែករដ្ឋាភិបាលទីក្រុងមូស្គូបានបដិសេធការអះអាងទាំងនេះ ហើយបានច្រានចោលការចោទប្រកាន់ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកថា ខ្លួនកំពុងរៀបចំផែនការរៀបចំឧប្បត្តិហេតុ “ទង់ក្លែងក្លាយ” ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការវាយប្រហារបែបនេះ៕