ក្នុងសង្គ្រាមលោកលើកទី១ (១៩១៤-១៩១៨) ប្រទេសជាច្រើនជុំវិញពិភពលោក ជាពិសេសនៅទ្វីបអាស៊ី ត្រូវបានពួកអាណានិគមកេណ្ឌទ័ពយកទៅច្បាំងនៅទ្វីបអឺរ៉ុប។ យ៉ាងណាមិញ មានតែរដ្ឋឯករាជ្យចំនួន ៤ប៉ុណ្ណោះនៅអាស៊ីបានបញ្ជូនកងទ័ពរបស់ខ្លួន ដើម្បីច្បាំងក្នុងសង្គ្រាមនេះ។
ចិន៖ ជាគោលការណ៍ចិនប្រកាសខ្លួនថា ជារដ្ឋអព្យាក្រឹត្យក្នុងសង្គ្រាមរបស់ពួកអឺរ៉ុប។ យ៉ាងណាមិញ នៅឆ្នាំ១៩១៥ ខាងរដ្ឋាភិបាលមានកិច្ចព្រមព្រៀងសម្ងាត់ ជាមួយពួកអង់គ្លេស ដោយបញ្ជូនកងពលកម្មជាង ២០ម៉ឺននាក់ ដើម្បីរៀបចំគ្រឿងបន្លាស់ និងជួសជុលរថក្រោះ ព្រមទាំងដឹកជញ្ជូនស្បៀង និងគ្រាប់កាំភ្លើងជាដើម។ ប្រវត្តិវិទូមួយចំនួនយល់ថា ចិននៅពេលនោះ ចង់ពង្រីកមុខមាត់ របស់ខ្លួននៅអាស៊ីបូព៌ា ក្រោយពីអាប់ឱនដោយការ ជ្រៀតជ្រែករបស់ពួកអឺរ៉ុប និងជប៉ុន។

ជប៉ុន៖ ចក្រភពនៃអាស៊ីបូព៌ានេះ ចូលរួមសង្គ្រាមតាំងពីដើមទីតែម្ដង។ ជប៉ុនដើរតួនាទីយ៉ាងសំខាន់ ខាងកងទ័ពជើងទឹក នៅមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ដោយច្បាមយកដែនដី អាណានិគមរបស់ពួកអាល្លឺម៉ង់ (ភាគច្រើនជាកោះនៅមហាសមុទ្រទាំងពីរ)។ ជប៉ុននៅពេលនោះ ចង់បង្កើនឥទ្ធិពលរបស់ខ្លួន នៅលោកខាងកើត។

ស្យាម/សៀម៖ រាជាណាចក្រនៃអាស៊ីអាគ្នេយ៍នេះ បានប្រកាសសង្គ្រាមទល់ នឹងអាល្លឺម៉ង់នៅឆ្នាំ១៩១៧។ ប្រទេសនេះ បានបញ្ជូនទាហានជាង ១ពាន់នាក់ ដើម្បីធ្វើការផ្នែកវេជ្ជសាស្ត្រ និងផ្នែកម៉ាស៊ីនជាដើម។ សៀមនៅពេលនោះ មានបំណងពង្រីកមុខមាត់របស់ខ្លួននៅឆាកអន្តរជាតិ ក្នុងនាមជារដ្ឋអធិបតេយ្យ។

ពែរ្ស (Persia/ អ៊ីរ៉ង់បច្ចុប្បន្ន)៖ រាជាណាចក្រនេះជា ទីលានប្រយុទ្ធរវាងក្រុមសម្ព័ន្ធមិត្ត និងក្រុមអ័ក្សស៊ីស (អាល្លឺម៉ង់ ចក្រភពអូតូម៉ង់ ជាដើម)។ កងទាហានក្នុងស្រុក បានព្យាយាមរើបម្រាស់ ចេញពីឥទ្ធិពលនៃមហាអំណាចទាំងពីរ។

ចំណែកឯកម្ពុជាវិញ ស្ថិតក្រោមអាណានិគមបារាំង បានបញ្ជូនទ័ពជាង ១ពាន់នាក់ វៀតណាមជាង ១០ម៉ឺននាក់ ដើម្បីចូលរួមក្នុងសមរភូមិខាងលិចនៃទ្វីបអឺរ៉ុប។ ចំពោះឥណ្ឌាវិញ ក្នុងនាមជាដែនដីអាណានិគមអង់គ្លេស មានទ័ពជាង ១លាននាក់ បម្រើការក្នុងសង្គ្រាមរបស់អឺរ៉ុប៕
