ព័ត៌មានអន្តរជាតិ

លោក បៃដិន និងលោក ពូទីន សន្ទានាគ្នាតាមទូរស័ព្ទ ពិភាក្សារឿង បញ្ហាអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ ជុំវិញស្ថានការណ៍នៅអ៊ុយក្រែន ។

ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទដែលមានរយៈពេលប្រហែល១ម៉ោង មេដឹកនាំទាំង២បានពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន និងបញ្ហាសន្តិសុខដែលពាក់ព័ន្ធ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន និងវិមានក្រឹមឡាំង បានឲ្យដឹងដូច្នេះ ។

សេតវិមានបានឲ្យដឹងថា លោក បៃដិន បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោកពូទីន “ខណៈដែលសហរដ្ឋអាមេរិកនៅតែត្រៀមខ្លួនដើម្បីចូលរួមក្នុងការទូត” វាត្រូវបាន “រៀបចំដូចគ្នាសម្រាប់សេណារីយ៉ូផ្សេងទៀត” ។

សារព័ត៌មាន Sputnik រាយការណ៍ដោយដកស្រង់សម្តីជំនួយការរបស់វិមានក្រឹមឡាំង គឺលោក Yuri Ushakov ថា រុស្ស៊ីមិនបានទទួលការឆ្លើយតបជាសំខាន់ពីសហរដ្ឋអាមេរិកលើការធានាសន្តិសុខនោះទេ។

លោក Ushakov បានលើកឡើងថា រុស្ស៊ី នឹងបញ្ជូនការឆ្លើយតបរបស់ខ្លួនទៅសហរដ្ឋអាមេរិក និងអង្គការ NATO ក្នុងពេលឆាប់ៗនេះ លើការធានាសន្តិសុខ ដោយបន្ថែមថា មេដឹកនាំទាំង២បានយល់ព្រមបន្តទំនាក់ទំនងនឹងគ្នា ។

ការចូលរួមដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បាននាំមកនូវវឌ្ឍនភាពតិចតួចប៉ុណ្ណោះ ដោយវិមានក្រឹមឡាំងបានឡើកឡើងថា សេតវិមានបានបរាជ័យក្នុងការដោះស្រាយបញ្ហាសន្តិសុខសំខាន់ៗរបស់ខ្លួន ហើយរដ្ឋបាលលោក បៃដិន បានព្រមានម្តងហើយម្តងទៀតអំពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរដល់រដ្ឋាភិបាលរបស់លោកពូទីន ប្រសិនបើប្រទេសនេះត្រូវបានឈ្លានពានអ៊ុយក្រែន មែននោះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top