ព័ត៌មានអន្តរជាតិ

កាណាដា បញ្ជូនសព្វាវុធធុនធ្ងន់បន្ថែមទៀត ទៅឱ្យអ៊ុយក្រែន

បរទេស​ ៖ ប្រទេសកាណាដា គ្រោងនឹងដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវ គិតជាប្រាក់រាប់លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន បន្ថែមពីលើប្រាក់កម្ចីចំនួន ៥០០ លានដុល្លារ ដើម្បីជំរុញ សេដ្ឋកិច្ច របស់ប្រទេស ចំពេលមានការព្យាករណ៍ម្តងហើយម្តងទៀត ពីមេដឹកនាំលោកខាងលិច អំពីការឈ្លានពានរបស់រុស្ស៊ី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិកាណាដាបានប្រកាសពីការបញ្ជូនសព្វាវុធ កាលពីថ្ងៃចន្ទ ដោយនិយាយថា រដ្ឋាភិបាលបានអនុញ្ញាត ឱ្យផ្តល់ជំនួយយោធាបន្ថែម “ដើម្បីជួយបន្ថែមទៀត ដល់កងកម្លាំងសន្តិសុខអ៊ុយក្រែន ការពារប្រឆាំងនឹងការឈ្លានពានដែលមិនចង់បាន និងការកើនឡើងរបស់រុស្ស៊ី” ។

ក្រសួងការពារជាតិកាណាដា បន្តថា «កាណាដា នឹងបរិច្ចាគជាង ៧លានដុល្លារនៃអាវុធធុនធ្ងន់ និងសម្ភារៈជំនួយជាច្រើន ដល់កងកម្លាំងប្រដាប់ អាវុធអ៊ុយក្រែន។ គ្រឿងបរិក្ខារនេះរួមមាន កាំភ្លើងយន្ត កាំភ្លើងខ្លី កាំភ្លើងការ៉ាប៊ីន គ្រាប់កាំភ្លើង ១,៥ លានគ្រាប់ កាំភ្លើងលបបាញ់ និងឧបករណ៍ពាក់ព័ន្ធផ្សេងៗ ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top