ម៉ាទ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នំា២០២២ថា ដំបូលនៃសាលប្រជុំក្នុងសួនកម្សាន្ត Parque de Atracciones ក្នុងទីក្រុងម៉ាឌ្រីដ បានបាក់រលំមួយផ្នែកកាលពីថ្ងៃសៅរ៍ បណ្តាលឱ្យមនុស្ស១៣នាក់រងរបួស ក្នុងនោះ៨នាក់ ក្នុងចំណោមពួកគេត្រូវការការព្យាបាលនៅមន្ទីរពេទ្យ ។
ក្រុមសេវាសង្គ្រោះបន្ទាន់ក្នុងតំបន់បានឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងក្នុងអំឡុងពេលព្រឹត្តិការណ៍ឯកជនមួយដែលប្រារព្ធឡើងនៅ “Grand Theatre” នៅក្នុងឧទ្យាន នៅគ្រាដែលពិដានម្នាងសិលាទំហំ២០០ម៉ែត្រការ៉េបានធ្លាក់ចុះ ។
អ្នកដែលទទួលរងរបួសទាំងអស់ត្រូវបានគេរាយការណ៍ថា មានអាយុចន្លោះពី៣០ដល់៥០ឆ្នាំ ដោយក្នុងនោះ៨នាក់ត្រូវការការព្យាបាលរបួស និងមានរបួសស្រាល ។
ក្រុមពន្លត់អគ្គិភ័យបានចុះត្រួតពិនិត្យកន្លែងនោះ និងធានាសុវត្ថិភាពក្នុងតំបន់ ខណៈប៉ូលិសមូលដ្ឋានបានបើកការស៊ើបអង្កេតជុំវិញករណីនេះ ៕