ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងបន្តសមយុទ្ធយោធា នៅប្រទេសបេឡារុសទៀត

បរទេស៖ រដ្ឋាភិបាលទីក្រុង Minsk បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសបេឡារុស និងរុស្ស៊ីបានសម្រេចចិត្ត ពង្រីករយៈពេលនៃសមយុទ្ធរួមគ្នា របស់ប្រទេសទាំងពីរ “ដោយសារតែការកើនឡើង នៃសកម្មភាពយោធា” នៅជិតព្រំដែននៃប្រទេសបេឡារុស និងរុស្ស៊ី

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សមយុទ្ធហ្វឹកហ្វឺនរួមគ្នារុស្ស៊ី-បេឡារុស្ស ដែលមានឈ្មោះថា ‘Union Resolve’ បានចាប់ផ្តើមនៅថ្ងៃទី ១០ ខែកុម្ភៈ ហើយតាមគម្រោង គឺបញ្ចប់នៅថ្ងៃអាទិត្យ។ សមយុទ្ធនេះគេឃើញទាហានរាប់ពាន់នាក់ មកពីប្រទេសទាំងពីរប្រមូលផ្តុំគ្នា ក្នុងប្រទេសបេឡារុស ដើម្បីអនុវត្តសមយុទ្ធវាយលុក។

ទោះជាយ៉ាងណាក៏ដោយ អ្នកនយោបាយលោកខាងលិចជាច្រើន បានលើកឡើងថា នេះគ្រាន់តែជាលេសដើម្បីប្រមូលផ្តុំ កងទ័ពនៅជិតព្រំដែនអ៊ុយក្រែន មុនពេលការឈ្លានពាន​ដ៏មានសក្តានុពល។ ទាំងទីក្រុង Minsk និងទីក្រុងមូស្គូ បានបដិសេធផែនការវាយប្រហារ។

រដ្ឋមន្ត្រីការពារជាតិបេឡារុស លោក Viktor Khrenin បាននិយាយថា “ដោយសារតែការកើនឡើង នៃសកម្មភាពយោធា​ នៅជិតព្រំដែនខាងក្រៅ នៃរដ្ឋសហភាព និងការធ្វើឱ្យស្ថានការណ៍ កាន់តែធ្ងន់ធ្ងរនៅតំបន់ Donbas ប្រធានាធិបតី នៃប្រទេសបេឡារុស្ស និងរុស្ស៊ី បានសម្រេចចិត្តបន្តការត្រួតពិនិត្យ កងកម្លាំងឆ្លើយតបរបស់រដ្ឋសហភាព” ។

យោងតាមលោក Khrenin ពេលនេះ យោធារុស្ស៊ី និងបេឡារុស្ស នឹងចាប់ផ្តើមអនុវត្ត សមយុទ្ធការពារ នៅក្នុងអ្វីដែលលោកហៅថា ជាការឆ្លើយតប ចំពោះការអភិវឌ្ឍន៍យោធាថ្មី នៅអ៊ុយក្រែន និងការដាក់កងទ័ពណាតូបន្ថែមទៀត នៅជិតព្រំដែន៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top