បឺលីន៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Annalena Baerbock បានព្រមានប្រឆាំងនឹងការទស្សន៍ទាយ ឬសន្មត់ថាការសម្រេចចិត្តរបស់រុស្ស៊ី លើអ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមានពីការឈ្លានពានរបស់រុស្ស៊ី ដែលខិតជិតមកដល់។
លោករដ្ឋមន្ត្រីបានឲ្យដឹងនៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich ថា “យើងមិនទាន់ដឹងថាតើការវាយប្រហារមួយត្រូវបានសម្រេច ឬយ៉ាងណានោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Baerbock បានលើកឡើងថា “ការអំពាវនាវជាបន្ទាន់របស់ខ្ញុំ ចំពោះអ្នកទាំងអស់គ្នាគឺថា យើងពិនិត្យមើលយ៉ាងដិតដល់នូវការពិត” ដោយព្រមានប្រឆាំងនឹងហានិភ័យនៃ “ព័ត៌មានមិនពិត ដែលមានគោលដៅបង្កភាពតានតឹង” ។
លោក Baerbock បានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹងសំណួរថាតើប្រទេសអាល្លឺម៉ង់បានចែករំលែកការវាយតម្លៃរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ថា “នៅក្នុងស្ថានភាពវិបត្តិ អ្វីដែលមិនសមរម្យបំផុត ដែលត្រូវធ្វើ គឺការស្មាន ឬការសន្មត់” ។
លោក បៃដិន បានឲ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា លោកមានទំនុកចិត្តថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាន “ធ្វើការសម្រេចចិត្ត” ដើម្បីវាយប្រហារអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយបង្កើនការភ័យខ្លាចថា ជម្លោះដ៏ធំមួយអាចផ្ទុះឡើងនៅក្នុងទ្វីបអឺរ៉ុប៕
ដោយ ឈូក បូរ៉ា