ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ប្រកាសផ្អាកដំណើរការ បញ្ជាក់នៃបំពង់បង្ហូរ ឧស្ម័នធម្មជាតិ Nord Stream 2

បឺលីន៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានប្រកាសកាលពីថ្ងៃអង្គារ អំពីការផ្អាកដំណើរការបញ្ជាក់ នៃបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream 2 ដោយលើកឡើងពីសកម្មភាព របស់រុស្ស៊ី លើអ៊ុយក្រែន។

លោកបានប្រាប់អ្នកកាសែតថា “ស្ថានការណ៍ថ្ងៃនេះ បានផ្លាស់ប្តូរជា មូលដ្ឋាន យើងនឹងវាយតម្លៃឡើងវិញ នូវស្ថានភាពដែលបានវិវត្ត ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Scholz បានលើកឡើងថា “ខ្ញុំបានស្នើឱ្យក្រសួងសេដ្ឋកិច្ចនៅថ្ងៃនេះ ដករបាយការណ៍ ដែលមានស្រាប់អំពីការវិភាគ នៃសុវត្ថិភាពផ្គត់ផ្គង់នៅទីភ្នាក់ងារ បណ្តាញសហព័ន្ធ” ដោយបន្ថែមថា វាជាជំហានរដ្ឋបាលចាំបាច់ ដើម្បីទប់ស្កាត់ការបញ្ជាក់ និងប្រតិបត្តិការ នៃបំពង់បង្ហូរឧស្ម័ន Nord Stream 2 ។

លោកបានបន្តថា ក្រសួងសេដ្ឋកិច្ច នឹងធ្វើការវាយតម្លៃថ្មី អំពីសុវត្ថិភាព នៃការផ្គត់ផ្គង់ ដោយគិតដល់ការអភិវឌ្ឍ នាថ្ងៃចុងក្រោយនេះ៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top