ម៉ូស្គូ៖ ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ឬសភាជាន់ខ្ពស់កាលពីថ្ងៃអង្គារ បានអនុម័តសំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់ការប្រើប្រាស់យោធា នៅបរទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើគេហទំព័រ របស់ក្រុមប្រឹក្សាសហព័ន្ធ បានឲ្យដឹងថា “សមាជិកព្រឹទ្ធសភា បានគាំទ្រជាឯកច្ឆ័ន្ទ ចំពោះការអនុម័តសេចក្តីសម្រេច ដែលពាក់ព័ន្ធ”។
យោងតាមវិមានក្រឹមឡាំង បានឱ្យដឹងថា លោក ពូទីន កាលពីថ្ងៃអង្គារបានដាក់សំណើ ដែលក្រុមប្រឹក្សាសហព័ន្ធអនុម័ត លើដំណោះស្រាយអនុញ្ញាតឱ្យប្រើប្រាស់ កងកម្លាំងប្រដាប់អាវុធ នៃសហព័ន្ធរុស្ស៊ីនៅបរទេស ដោយផ្អែកលើគោលការណ៍ និងបទដ្ឋានដែលទទួលយកជាទូទៅ នៃច្បាប់អន្តរជាតិ។
នៅព្រឹកថ្ងៃដដែល សភារដ្ឋឌូម៉ារបស់រុស្ស៊ី ដែលជាសភាជាន់ទាប បានផ្តល់សច្ចាប័ន លើសន្ធិសញ្ញាស្តីពីមិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមកជាមួយ “សាធារណរដ្ឋប្រជាមានិត Lugansk (LPR)” និង “សាធារណរដ្ឋប្រជាមានិត Donetsk (DPR)” ក្នុងសម័យប្រជុំពេញអង្គ។
លោក ពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញា កាលពីថ្ងៃចន្ទ រួមជាមួយនឹងប្រមុខនៃរដ្ឋ LPR និង DPR ។ លោកប្រធានាធិបតីក៏បានចុះហត្ថលេខា លើក្រឹត្យចំនួនពីរដែលទទួលស្គាល់ LPR និង DPR ជារដ្ឋឯករាជ្យ និងអធិបតេយ្យភាព កាលពីថ្ងៃចន្ទ៕ ដោយ ឈូក បូរ៉ា
