ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នំា២០២២ថា យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ និងប្រហែល១៣.០០០នាក់ផ្សេងទៀត បានជម្លៀសខ្លួនចេញ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ បានរំញ័រនៅខេត្តភាគខាងលិច ស៊ូម៉ាត្រា ស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ ។
ប្រធានអង្គភាពប្រតិបត្តិការនៃការិយាល័យស្វែងរក និងជួយសង្គ្រោះនៃខេត្ត West Sumatra លោក Octavianto បានលើកឡើងថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពម្នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់១០នាក់ ខណៈមនុស្ស៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ ។
លោកបានបន្តថា ការស្វែងរកអ្នកបាត់ខ្លួនត្រូវបានរារាំងដោយល្បាប់ភក់យ៉ាងក្រាស់ ព្រមទាំងមានការភ័យខ្លាចនៃការរញ្ជួយដីបន្ថែមទៀត ។
លោក Octavianto បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួ តាមទូរស័ព្ទថា “ភក់គឺក្រាស់ណាស់ ដែលរារាំងចលនារបស់យើង ហើយផ្ទៃដីបាក់ដីមានប្រហែល៣គីឡូម៉ែត្រក្រឡា ។ ក្រៅពីការរញ្ជួយដីអាចនឹងកើតឡើង និងបង្កឱ្យមានគ្រោះបាក់ដីផ្សេងទៀតកើតឡើង” ។
គាត់បានលើកឡើងថា ការស្វែងរកអ្នកបាត់ខ្លួននៅក្នុងគ្រោះបាក់ដីនៅក្នុងភូមិ Malampah ស្រុក Pasaman នឹងបន្តឡើងវិញនៅថ្ងៃចន្ទនេះជាមួយនឹងអ្នកជួយសង្គ្រោះជាង៥០នាក់ ។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បានឱ្យដឹងថា ស្រុក Pasaman និងស្រុក Pasaman Barat គឺជាតំបន់រងគ្រោះខ្លាំងបំផុតដោយការរញ្ជួយដី ។
ចំនួនអ្នកជម្លៀសខ្លួនបានកើនឡើងដល់ប្រហែល១៣.០០០នាក់កាលពីថ្ងៃអាទិត្យ ប្រធានអង្គភាពប្រតិបត្តិការនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៃខេត្តស៊ូម៉ាត្រាភាគខាងលិច លោក Jumaidi បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួ ។ លោកបានឲ្យដឹងទៀតថា ជនភៀសខ្លួនឥឡូវនេះស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសជាង៣៥កន្លែង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា