ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង មិនស្គាល់អត្តសញ្ញាណ ចូលក្នុងដែនទឹកភាគខាងកើត

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៥ ខែមីនា ឆ្នាំ២០២២ នេះថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល មិនស្គាល់អត្តសញ្ញាណ ដែលសន្មតថា ជា មីស៊ីលផ្លោង ចូលទៅក្នុងដែនទឹក ភាគខាងកើត ។

សេនាធិការចំរុះកូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា ខ្លួនបានរកឃើញមីស៊ីលផ្លោង ដែលសង្ស័យថា បានបាញ់ចេញពីតំបន់ Sunan ក្នុងទីក្រុង ព្យុងយ៉ាង នៅម៉ោងប្រហែល៨និង៤៨នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២៣និង៤៨នាទី ម៉ោងសកល ថ្ងៃសុក្រ ។

ខាង JCS បានកត់សម្គាល់នៅក្នុង សេចក្តីថ្លែងការណ៍មួយថា យោធាកូរ៉េខាងត្បូង កំពុងតាមដានស្ថានការណ៍ពាក់ព័ន្ធ និងរក្សាជំហរត្រៀមការពារ ក្នុងការរៀបចំសម្រាប់ការបាញ់បង្ហោះបន្ថែមទៀត ។

វិមានខៀវរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានកោះប្រជុំជាបន្ទាន់ នៃក្រុមប្រឹក្សាសន្តិសុខជាតិ បន្ទាប់ពីការបាញ់បង្ហោះមីស៊ីលនេះ ។

គួរបញ្ជាក់ថា វាគឺជាការសាកល្បងមីស៊ីល លើកទី៩ របស់កូរ៉េខាងជើង នៅក្នុងឆ្នាំនេះ។ កូរ៉េខាងជើងបានលើកឡើងថា ខ្លួនបានធ្វើការសាកល្បង អភិវឌ្ឍន៍ផ្កាយរណបឈ្លបយកការណ៍ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ដែលកូរ៉េខាងត្បូងហៅថា ជាការបាញ់បង្ហោះមីស៊ីលផ្លោង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top