ប្រទេសឥណ្ឌូណេស៊ី នឹងរងផលប៉ះពាល់ដោយសារ ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងបន្ត ដោយសារប្រទេសនេះ ពឹងផ្អែកខ្លាំងទៅលើការនាំចូល ស្រូវសាលីពីអ៊ុយក្រែន។
បើទោះជាប្រទេសទាំងរុស្ស៊ី និងអ៊ុយក្រែនមិនមែន ជាដៃគូពាណិជ្ជកម្មដ៏សំខាន់ របស់ឥណ្ឌូណេស៊ី សម្រាប់ការនាំចូល ឬនាំចេញ ប៉ុន្តែជម្លោះនេះនឹងជះឥទ្ធិពល ដល់ការនាំចូលគ្រឿងផ្សំអាហារ របស់ឥណ្ឌូណេស៊ី ជាពិសេសស្រូវសាលីអ៊ុយក្រែន។
ប្រមាណ ៧៥ភាគរយនៃការនាំចូល របស់ប្រទេសឥណ្ឌូណេស៊ី ពីអ៊ុយក្រែន គឺជាគ្រាប់ធញ្ញជាតិ រួមទាំងស្រូវសាលីផងដែរ បន្ទាប់មក គឺដែក និងដែកថែប ២៣ភាគរយ និងទំនិញផ្សេងៗទៀត ២ភាគរយ។ អ៊ុយក្រែន គឺជាអ្នកផ្គត់ផ្គង់ស្រូវសាលីធំជាងគេ របស់ប្រទេសឥណ្ឌូណេស៊ី ដែលជាធាតុផ្សំសំខាន់ សម្រាប់ក្រុមហ៊ុនធ្វើគុយទាវ ម្ស៉ៅ និងនំប៉័ង៕ Source: Sabay

