ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ថា លោក Alexander Novak ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ី មិនមានអ្វីពាក់ព័ន្ធនឹងការកើនឡើង នៃតម្លៃថាមពលនាពេលបច្ចុប្បន្ន និងការប្រែប្រួលនៅក្នុងទីផ្សារនោះទេ ។
លោកបានកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អឺរ៉ុបប្រើប្រាស់ឧស្ម័ន ប្រហែល៥ពាន់០០លានម៉ែត្រគូបក្នុង១ឆ្នាំ ហើយ៤០ភាគរយ មកពីប្រទេសរុស្ស៊ី ដោយលោកបានហៅ ប្រទេសរបស់គាត់ថា “តែងតែជាដៃគូដែលអាចទុកចិត្តបាន” ។
ក្រុមហ៊ុនឧស្សាហកម្មឧស្ម័នយក្ស ឈ្មោះថា Gazprom របស់រុស្ស៊ី ឥឡូវនេះកំពុងបំពេញកាតព្វកិច្ច កិច្ចសន្យារបស់ខ្លួនយ៉ាងពេញលេញ ក្នុងការផ្គត់ផ្គង់ឧស្ម័នទៅកាន់តំបន់អឺរ៉ុប លោក Novak បានសង្កត់ធ្ងន់ដោយបន្ថែមទៀតថា ប្រទេសរុស្ស៊ី ផ្តល់ប្រហែល៣០ភាគរយ នៃការប្រើប្រាស់ប្រេងរបស់អឺរ៉ុប និងជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់ខ្លួន ។
លោក Novak បានថ្លែងថា ប្រទេសរុស្ស៊ី បានបំពេញកាតព្វកិច្ចរបស់ខ្លួន យ៉ាងពេញលេញហើយផលិតផលប្រេង និងប្រេងកំពុងត្រូវបានដឹកជញ្ជូន ទៅកាន់ទីផ្សារអឺរ៉ុបតាមការគ្រោងទុក ។
គួរបញ្ជាក់ថា តម្លៃថាមពលបានឡើងថ្លៃ ដោយសារជំងឺរាតត្បាតជំងឺកូវីដ-១៩ ហើយថ្មីៗនេះ ដោយសារតែជម្លោះ រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ផងដែរ ។
យោងតាមការប៉ាន់ប្រមាណ ដែលចេញផ្សាយ កាលពីសប្តាហ៍មុនដោយ Eurostat ដែលជាការិយាល័យ ស្ថិតិរបស់សហភាពអឺរ៉ុប ថា តម្លៃថាមពលត្រូវបានគេរំពឹងថា នឹងកើនឡើង៣១,៧ភាគរយ នៅទូទាំងតំបន់ចាយប្រាក់អឺរ៉ូ នៅក្នុងខែកុម្ភៈពី១ឆ្នាំទៅ១ឆ្នាំ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា