អង់គ្លេស៖ការសិក្សាថ្មីមួយបានព្រមានថា ការស្លាប់ដែលទាក់ទងនឹងសីតុណ្ហភាពក្តៅខ្លាំងនឹងកើនឡើងដល់ទៅ ៤២ ភាគរយនៅចក្រភពអង់គ្លេស និងវេលស៍ ប្រសិនបើសីតុណ្ហភាពកើនឡើងត្រឹមតែ ២អង្សាសេនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
បើយោងតាមក្រុមមកពី UCL និងសាកលវិទ្យាល័យ Reading បាននិយាយថា នេះមានន័យថា ការកើនឡើងពីការស្លាប់ប្រហែល ១១៧ នាក់ក្នុងមួយថ្ងៃ ជាមធ្យមនៅទូទាំង ១0 ថ្ងៃក្តៅបំផុតនៃឆ្នាំដល់ប្រហែល ១៦៦ នាក់ក្នុងមួយថ្ងៃ ។ លោក វេជ្ជបណ្ឌិត Katty Huang អ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា ការកើនឡើងហានិភ័យនៃការស្លាប់ក្រោមកម្រិតកម្ដៅបច្ចុប្បន្ន គឺគួរឲ្យកត់សម្គាល់ជាចម្បងក្នុងអំឡុងពេលរលកកម្ដៅ ប៉ុន្តែជាមួយនឹងការកើនឡើងបន្ថែមទៀត យើងនឹងឃើញការកើនឡើងហានិភ័យនៅថ្ងៃរដូវក្តៅជាមធ្យម បន្ថែមពីលើការកើនឡើងហានិភ័យអំឡុងពេលរលកកម្ដៅ។
សម្រាប់ការសិក្សាក្រុមការងារបានពិនិត្យលើផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើការស្លាប់ទាក់ទងនឹងសីតុណ្ហភាពនៅចក្រភពអង់គ្លេស និងវេលស៍ថា ពួកគេបានវិភាគការព្យាករណ៍អាកាសធាតុចក្រភពអង់គ្លេសឆ្នាំ ២0១៨ (UKCP18) ជាមួយនឹងទិន្នន័យស្តីពីការស្លាប់ទាក់ទងនឹងសីតុណ្ហភាពនៅថ្ងៃនេះ ដើម្បីទស្សន៍ទាយអត្រាមរណភាពទាក់ទងនឹងសីតុណ្ហភាពនាពេលអនាគតទាក់ទងទៅនឹងកម្រិតនៃការឡើងកម្ដៅផែនដី។
ការវិភាគរបស់ពួកគេបានបង្ហាញថា នៅពេលសីតុណ្ហភាពសកលកើនឡើង ការស្លាប់ទាក់ទងនឹងសីតុណ្ហភាពនៅរដូវក្តៅនឹងកើនឡើងក្នុងអត្រាលឿនជាងមុន។ នៅកម្រិតកម្ដៅផែនដីនាពេលបច្ចុប្បន្នប្រហែល ១.២១អង្សាសេ យើងឃើញការថយចុះបន្តិចនៃការស្លាប់ដែលទាក់ទងនឹងសីតុណ្ហភាពក្នុងរដូវរងារ និងឥទ្ធិពលសុទ្ធតិចតួចបំផុតក្នុងរដូវក្តៅ។
នេះមានន័យថា ជារួម នៅកម្រិតនៃការឡើងកម្ដៅនេះ យើងពិតជាឃើញការថយចុះបន្តិចនៃការស្លាប់ដែលទាក់ទងនឹងសីតុណ្ហភាព ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការកើនឡើងកម្ដៅ២អង្សាសេអត្រាមរណភាព ទាក់ទងនឹងសីតុណ្ហភាពខ្លាំងកើនឡើងដល់ទៅ ៤២ ភាគរយ។ បើយោងតាមក្រុមថា ហើយប្រសិនបើសីតុណ្ហភាពកើនឡើង ៣អង្សាសេនោះ យើងអាចឃើញអត្រាមរណភាពនៅចក្រភពអង់គ្លេស និងវេលស៍កើនឡើង ៧៥ ភាគរយ ៕ដោយ៖លី ភីលីព