ព័ត៌មានអន្តរជាតិ

មនុស្សចំនួន៩នាក់ ត្រូវបានបាញ់សម្លាប់ នៅម៉ិកស៊ិក

ម៉ិកស៊ិក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ថា អាជ្ញាធររដ្ឋបានបញ្ជាក់ថា មនុស្ស៩នាក់ រួមទាំងស្ត្រី៣នាក់ ត្រូវបានបាញ់សម្លាប់កាលពីព្រឹកថ្ងៃពុធ នៅឯលំនៅដ្ឋានឯកជនមួយកន្លែង នៅក្នុងទីក្រុង Atlixco ដែលជាទីក្រុងមួយ នៅភាគកណ្តាលនៃរដ្ឋ Puebla នៃប្រទេសម៉ិកស៊ិក។

ការិយាល័យអគ្គមេធាវី Puebla បានឲ្យដឹងថា អ្នកនៅរស់រានមានជីវិតម្នាក់ “ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ” ជាមួយនឹងការបាញ់ប្រហារទៅលើក្បាល ជើង និងស្មា ។

អភិបាលក្រុង Puebla លោក Miguel Barbosa បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយថា “អ្វីៗទាំងអស់ចង្អុលទៅការពិតដែលថា នេះគឺជាការប្រហារជីវិតអន្តរក្រុម”  ។

លោកបន្តថា តាមការស៊ើបអង្កេតបឋម ផ្ទះដែលជនរងគ្រោះត្រូវគេវាយប្រហារនោះជា “ទីតាំងចែកចាយ និងលក់ថ្នាំញៀន”។

លោក Barbosa បានលើកឡើងថា ជនរងគ្រោះមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែ “ជាក់ស្តែង ពួកគេមិនមែនមកពី Atlixco ឬ Puebla“ នោះទេ ។

លោកអភិបាលបានលើកឡើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមថា អាជ្ញាធរសហព័ន្ធ តំបន់ និងមូលដ្ឋានបានចាប់ផ្តើមប្រតិបត្តិការរួមគ្នាមួយ បន្ទាប់ពីការវាយប្រហារនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top