បរទេស ៖ សេតវិមានបានបញ្ជាក់ កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានព្រមានចិន មិនឲ្យជួយរុស្ស៊ី ក្នុងគ្រប់មធ្យោបាយ ណាមួយឡើយ បន្ទាប់ពីជំនួបរវាងទីប្រឹក្សាសន្តិសុខជាតិ របស់លោកប្រធានាធិបតី Joe Biden និងអ្នកការទូតជាន់ខ្ពស់របស់ចិន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានប្រាប់អ្នកយកព័ត៌មានថា ប្រសិនបើប្រទេសចិនផ្តល់ “ផ្នែកយោធា ឬជំនួយផ្សេងទៀត” ដល់ប្រទេសរុស្ស៊ី “នឹង មានផលវិបាកយ៉ាងសំខាន់” ។
ចំពោះអ្វីដែលអាចនឹងមាននោះ លោកស្រី Psaki បានត្រឹមតែនិយាយថា សហរដ្ឋអាមេរិកនឹង “សម្របសម្រួល ជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់យើង ដើម្បីធ្វើការសម្រេចចិត្តនោះ” ។ ការលើកឡើងរបស់លោកស្រី កើតឡើងបន្ទាប់ពីកិច្ចប្រជុំក្នុងទីក្រុងរ៉ូម រវាងទីប្រឹក្សាសន្តិសុខជាតិ របស់លោក Biden លោក Jake Sullivan និងបេសកជនចិន Yang Jiechi ។ ខណៈដែលកិច្ចប្រជុំបានដំណើរការអស់ជាច្រើនខែ និងពាក់ព័ន្ធ នឹងរបៀបវារៈដ៏យូរ ជម្លោះនៅអ៊ុយក្រែន ក៏ត្រូវបានពិភាក្សាផងដែរ ៕ប្រែសម្រួលៈ ណៃ តុលា