អង់គ្លេស និងបណ្តាប្រទេសជាដៃគូ បានអះអាងថាកំពុងតែពិភាក្សា ក្នុងការការពារសុវត្ថិភាពរបស់ អ៊ុយក្រែន ប្រសិនបើរុស្សីបើកការវាយប្រហារ ឈ្លានពានម្តងទៀត នៅពេលខាងមុខ។

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Borris Johnson បានឱ្យដឹងថាលោកមិនទាន់ ទទួលបានលិខិតផ្លូវការណាមួយ ពីប្រធានាធិបតីអ៊ុយក្រែន Zelensky អំពីការស្នើសុំឱ្យមានការការពារ និងការអន្តរាគមន៍ផ្នែកយោធា ប្រសិនរុស្សីបើកការឈ្លានពានជាថ្មីម្តងទៀត នៅពេលខាងមុខ។ នាយករដ្ឋអង់គ្លេសរូបនេះបន្តថា អ្វីដែលលោកចង់ឃើញនៅពេលនេះ គឺការឯកភាពគ្នាលើបទឈប់បាញ់ ដើម្បីឈានទៅបញ្ចប់សង្គ្រាមជាមុនសិន។

ប៉ុន្តែប្រភពខ្លះ បានអះអាងថា អង់គ្លេសនិងប្រទេសជាដៃគូ ដែលមានកម្លាំងយោធាខ្លាំង បាននឹងកំពុងពិភាក្សាគ្នាការពារអ៊ុយក្រែន ពីការឈ្លានពានរបស់រុស្សី នៅពេលអនាគត។ ដំណឹងដ៏រសើបនេះ លេចឡើងស្របពេលដែលទីក្រុងឡុងដ៏ កំពុងបញ្ជាទិញប្រព័ន្ធការពារមីស៊ីល ក្នុងតម្លៃ ៥០០លានដុល្លារ ពីសហរដ្ឋអាមេរិក៕
ប្រភព៖ Sabay
