កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងអ្នកនិពន្ធចម្រៀង ជនជាតិកាណាដា លោក Henry កំពុងទទួលតំណែងថ្មី ហើយបានក្លាយជាឯកអគ្គរដ្ឋទូត នៃការទប់ស្កាត់អំពើហិង្សា តាមសាលារៀន ដើម្បីលើកកម្ពស់ការការពារអំពើហិង្សា ក្នុងសាលារៀន។
យោងតាមទីភ្នាក់ងាររបស់ Henry ដែលមានឈ្មោះថា Monster Entertainment ថា លោក Henry បានចូលរួមក្នុងពិធីតែងតាំង ជាឯកអគ្គរដ្ឋទូត សម្រាប់ការទប់ស្កាត់អំពើហិង្សា ក្នុងសាលានៅស្ថានីយ៍ប៉ូលីស Mapo ក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី ១៥ ។
Henry បានចូលរួមសកម្មភាព ដ៏មានអត្ថន័យសម្រាប់កុមារ និងយុវជនក្នុងវិស័យផ្សេងៗ ដូចជាការបម្រើជាឯកអគ្គរដ្ឋទូតសម្រាប់អង្គការ មិនរកប្រាក់ចំណេញអន្តរជាតិ Save the Children ជាដើម។ ជាពិសេស លោកបានយល់ចិត្តយ៉ាងខ្លាំងចំពោះគំនិតថា អំពើហឹង្សាក្នុងសាលា គឺជាបញ្ហាដែលគួរជាទីចាប់អារម្មណ៍ សម្រាប់សង្គមទាំងមូល ។
ដូច្នេះហើយការសម្រេចតែងតាំង ជាឯកអគ្គរដ្ឋទូតទំនាក់ទំនងសាធារណៈសម្រាប់ការទប់ស្កាត់ អំពើហិង្សាក្នុងសាលា។ នៅពេលអនាគត Henry គ្រោងនឹងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ដើម្បីអនុវត្តសកម្មភាពផ្សព្វផ្សាយ ដែលសមនឹងនិន្នាការរបស់យុវវ័យ៕ ដោយ៖លី ភីលីព