ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈគ្រប់គ្រង ដោយផ្ទាល់រដ្ឋសហព័ន្ធ រុស្ស៊ីឈ្មោះ Transneft ក្លាយជាក្រុមហ៊ុនប្រេងធំទីពីររងគ្រោះ ដោយក្រុមវាយប្រហារ តាមអ៊ឺនធើណិត បន្ទាប់ពីក្រុមហ៊ុន Rosneft។
យោងតាមប្រភពព័តមានឯកទេសផ្នែក Cyber Security បានឲ្យដឹងថា ទិន្នន័យទំហំ ៧៩GB មានទាំង Email និងឯកសារផ្សេងៗ របស់ក្រុមហ៊ុន OMEGA (រុស្ស៊ី) ដែលជាក្រុមហ៊ុនដៃគូ និងជាមជ្ឈមណ្ឌល ស្រាវជ្រាវ (R&D) ត្រូវបានពួកគេលួចចូល ក្នុងប្រព័ន្ធគ្រប់គ្រង ដោយត្រូវបានវាយប្រហារ ផ្ទួនៗជាមួយនឹងមេរោគប្រភេទ DDoS attacks ហើយគេហទំព័រពួកគេសុទ្ធតែ Offline អស់ហើយ មិនអាចបើកចូលទៅប្រើប្រាស់បានទៀតឡើយ ដែលជាស្នាដៃក្រុម Hacker គាំទ្ររដ្ឋាភិបាលអ៊ុយក្រែន តាំងពីថ្ងៃទី ១៥ មីនាឆ្នាំ ២០២២ មកម្ល៉េះប៉ុន្តែទើបនឹងបែកធ្លាយដំណឹង ថ្ងៃទី ១៨ មីនាកន្លងទៅ។
ការវាយប្រហារតាមអ៊ឺនធើណិត ជាច្រើនករណី បានកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសចំពោះក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនផ្សេងៗ ដែលការពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី ងាយរងគ្រោះបំផុត ដោយពួកគេដាក់គោលដៅជាច្រើន ដើម្បីវាយប្រហារឲ្យ បានសម្រេចមិនថា ចំណាយពេលប៉ុន្មានថ្ងៃក៏ដោយ។ គោលបំណងនៃក្រុម Hacker គាំទ្រអ៊ុយក្រែន ត្រូវបានគេដឹងថាធ្វើឡើង ដើម្បីជាដាក់ទណ្ឌកម្មលើរុស្ស៊ី ឲ្យបញ្ឈប់ជាបន្ទាន់ នូវការវាយប្រហារ មកលើអ៊ុយក្រែន។
អ្វីដែលគេចាប់អារម្មណ៍ខ្លាំង ទៅលើសកម្មភាពវាយប្រហាររបស់ពួកគេ ពេលនេះគឺចំពេលល្អណាស់ក្នុងស្ថានភាព តម្លៃប្រេងឥន្ធនៈ តម្លៃឧស្ម័ន និងតម្លៃដែក កំពុងឡើងថ្លៃខ្ពស់កប់ពពក នៅទូទាំងពិភពលោករួមទាំងប្រទេស កម្ពុជា ដែរ៕ Source: Sabay



