អតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ប្រទេសអាហ្វហ្គានីស្ថាន បានចាប់ផ្តើមជីវិតថ្មី នៅលើទឹកដីសហរដ្ឋអាមេរិក ដោយប្រកបអាជីព ជាអ្នកបើកឡានឱ្យក្រុមហ៊ុន Uber។
លោក Khalid Payenda អតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអាហ្វហ្គានីស្ថាន បានចាកចេញពីប្រទេសកំណើត មករស់នៅអាមេរិក មុនពេលទីក្រុងកាប៊ុល ធ្លាក់ក្នុងដៃក្រុមសកម្មប្រយុទ្ធតាលីបង់ ។ ធ្លាប់តែពាក់អាវធំ អង្គុយធ្វើការក្នុងការិយាល័យ និង កាន់លុយពាន់លានដុល្លារ ពេលនេះនៅអាមេរិក អតីតរដ្ឋមន្រ្តីរូបនេះ បានសម្របខ្លួនធ្វើជា អ្នកបើកឡានឱ្យក្រុមហ៊ុន Uber ដើម្បីរកចំណូលទ្រទ្រង់ ជីវភាពរស់នៅប្រចាំថ្ងៃ។
មុនពេលអាហ្វហ្គានីស្ថាន ត្រូវបានវាយដណ្តើមកាន់កាប់ ដោយក្រុមតាលីបង់ មន្រ្តីជាន់ខ្ពស់ជាច្រើនរូប របស់ប្រទេសនេះ បានរត់ភៀសខ្លួន ដើម្បីគេចពីការតាម សម្លាប់របស់ក្រុមតាលីបង់ ជាក់ស្តែងប្រធានាធិបតី Ghani បានរត់ទៅប្រទេសអារ៉ាប់រួម ដោយយកលុយទៅជាមួយប្រមាណ ១៦៩លានដុល្លារ ៕