បរទេស ៖ រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី លោក Jaroslav Nad បាននិយាយថា ធាតុផ្សំនៃប្រព័ន្ធការពារដែន អាកាសប្រភេទ Patriot របស់អង្គការណាតូ បានចាប់ផ្តើមមក ដល់ប្រទេសស្លូវ៉ាគីហើយ កាលពីថ្ងៃអាទិត្យ ហើយការដាក់ពង្រាយ របស់ពួកគេគ្រោង នឹងបន្តនៅក្នុងប៉ុន្មាន ថ្ងៃខាងមុខនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រព័ន្ធការពារមីស៊ីល ដែលផលិតដោយសហរដ្ឋអាមេរិក កំពុងត្រូវបានដឹកជញ្ជូន ទៅកាន់ប្រទេសនេះ ជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែង របស់អង្គការណាតូ ក្នុងការជំរុញការការពារ ប្រទេសជាសមាជិកអឺរ៉ុប ខាងកើតរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធា ដែលកំពុងបន្តរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ប្រទេស ស្លូវ៉ាគី ដែលជាផ្នែកមួយទាំងអង្គការណាតូ និង EU មានប្រជាជនចំនួន ៥,៥លាននាក់ និងចែករំលែកព្រំដែនប្រវែង ១០០ គីឡូម៉ែត្រ (62 ម៉ាយ) ជាមួយអ៊ុយក្រែន។ “ប្រព័ន្ធការពារ មីស៊ីល នឹងត្រូវបានដាក់ពង្រាយជាបណ្តោះអាសន្ន នៅមូលដ្ឋានទ័ពអាកាស Sliac ។ តំបន់ដាក់ពង្រាយបន្ថែមទៀត កំពុងត្រូវបានពិចារណា … ដូច្នេះឆ័ត្រសន្តិសុខ គ្របដណ្តប់ផ្នែក ដែលអាចធ្វើទៅបានធំបំផុត នៃទឹកដីស្លូវ៉ាគី” ។ នេះបើតាមអ្វីដែលោក Nad បានសរសេរនៅក្នុងហ្វេសប៊ុក ៕
ប្រែសម្រួលៈ ណៃ តុលា