ព័ត៌មានអន្តរជាតិ

ប្រទេស​អាស៊ី​ ចំនួន ៤ ដែល​ចូល​រួម​ ក្នុង​សង្គ្រាម​លោក​លើក​ទី១ ក្នុង​នាម​ជា​រដ្ឋ​ឯករាជ្យ

ក្នុង​សង្គ្រាម​លោក​លើក​ទី១ (១៩១៤-១៩១៨) ប្រទេស​ជា​ច្រើន​ជុំ​វិញ​ពិភពលោក ជា​ពិសេស​នៅ​ទ្វីប​អាស៊ី ត្រូវ​បាន​ពួក​អាណានិគម​កេណ្ឌ​ទ័ព ​យក​ទៅ​ច្បាំង​នៅ​ទ្វីប​អឺរ៉ុប។ យ៉ាងណាមិញ មាន​តែ​រដ្ឋ​ឯករាជ្យ​ចំនួន ៤​ប៉ុណ្ណោះ​នៅ​អាស៊ី​បាន​បញ្ជូន​កង​ទ័ព​របស់​ខ្លួន​ ដើម្បី​ច្បាំង​ក្នុង​សង្គ្រាម​នេះ។

រដ្ឋ​ទាំង​ ៤​នោះ​មាន​ដូច​ជា៖

ចិន៖ ជា​គោលការណ៍​ចិន​ប្រកាស​ខ្លួន​ថា​ ជា​រដ្ឋ​អព្យាក្រឹត្យ​ ក្នុង​សង្គ្រាម​របស់​ពួក​អឺរ៉ុប។ យ៉ាងណាមិញ នៅ​ឆ្នាំ១៩១៥ ខាង​រដ្ឋាភិបាល ​មាន​កិច្ច​ព្រមព្រៀង​សម្ងាត់​ ជាមួយ​ពួក​អង់គ្លេស ដោយ​បញ្ជូន​កង​ពលកម្ម​ជាង ២០​ម៉ឺន​នាក់ ដើម្បី​រៀបចំ​គ្រឿង​បន្លាស់ និង​ជួសជុល​រថក្រោះ ព្រម​ទាំង​ដឹកជញ្ជូន​ស្បៀង និង​គ្រាប់​កាំភ្លើង​ជា​ដើម។ ប្រវត្តិវិទូ​មួយ​ចំនួន​យល់​ថា ចិន​នៅ​ពេល​នោះ ចង់​ពង្រីក​មុខមាត់​របស់​ខ្លួន​នៅ​អាស៊ី​បូព៌ា​ ក្រោយ​ពី​អាប់ឱន​ដោយ​ការ​ជ្រៀតជ្រែក ​របស់​ពួក​អឺរ៉ុប និង​ជប៉ុន។

ជប៉ុន៖ ចក្រភព​នៃ​អាស៊ី​បូព៌ា​នេះ ​ចូល​រួម​សង្គ្រាម ​តាំង​ពី​ដើម​ទី​តែ​ម្ដង​។ ជប៉ុន​ដើរ​តួនាទី​យ៉ាង​សំខាន់​ ខាង​កងទ័ព​ជើង​ទឹក នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​មហាសមុទ្រ​ឥណ្ឌា ដោយ​ច្បាម​យក​ដែនដី ​អាណានិគម​របស់​ពួក​អាល្លឺម៉ង់ (ភាគ​ច្រើន​ជា​កោះ​ នៅ​មហាសមុទ្រ​ទាំង​ពីរ)។ ជប៉ុន​នៅ​ពេល​នោះ ចង់​បង្កើន​ឥទ្ធិពល​របស់​ខ្លួន នៅ​លោក​ខាង​កើត។

ស្យាម/សៀម៖ រាជាណាចក្រ​ នៃ​អាស៊ីអាគ្នេយ៍​នេះ បាន​ប្រកាស​សង្គ្រាម​ ទល់​នឹង​អាល្លឺម៉ង់​ នៅ​ឆ្នាំ១៩១៧។ ប្រទេស​នេះ​ បាន​បញ្ជូន​ទាហាន​ជាង ១​ពាន់​នាក់ ដើម្បី​ធ្វើ​ការ​ផ្នែក​វេជ្ជសាស្ត្រ និង​ផ្នែក​ម៉ាស៊ីន​ជា​ដើម។ សៀម​នៅ​ពេល​នោះ មាន​បំណង​ពង្រីក​មុខមាត់​របស់​ខ្លួន​ នៅ​ឆាក​អន្តរជាតិ ក្នុង​នាម​ជា​រដ្ឋ​អធិបតេយ្យ។

ពែរ្ស (Persia/ អ៊ីរ៉ង់​បច្ចុប្បន្ន)៖ រាជាណាចក្រ​នេះ​ ជា​ទីលាន​ប្រយុទ្ធ​រវាង​ក្រុម​សម្ព័ន្ធមិត្ត និង​ក្រុម​អ័ក្សស៊ីស (អាល្លឺម៉ង់ ចក្រភព​អូតូម៉ង់ ជា​ដើម)។ កង​ទាហាន​ក្នុង​ស្រុក​ បាន​ព្យាយាម​រើ​បម្រាស់ ចេញ​ពី​ឥទ្ធិពល​នៃ​មហាអំណាច​ទាំង​ពីរ។

ចំណែក​ឯ​កម្ពុជាវិញ ស្ថិត​ក្រោម​អាណានិគមបារាំង បាន​​បញ្ជូន​ទ័ព​ជាង ១​ពាន់នាក់ វៀតណាម​ជាង ១០​ម៉ឺន​នាក់ ដើម្បី​ចូល​រួម​ក្នុង​សមរភូមិ​ខាង​លិច​នៃ​ទ្វីប​អឺរ៉ុប។ ចំពោះ​ឥណ្ឌា​វិញ ក្នុង​នាម​ជា​ដែនដី​អាណានិគម​អង់គ្លេស មាន​​ទ័ព​ជាង ១លាន​នាក់ បម្រើ​ការ​ក្នុង​សង្គ្រាម​របស់​អឺរ៉ុប៕ Source: Sabay

Most Popular

To Top