កងកម្លាំងរុស្ស៊ីបាញ់ កាំជ្រួចហ្វូង ដ៏ទំនើបបំផុតឈ្មោះ TOS-1A ស្រោចទៅលើទីក្រុងម៉ារីវប៉ូល របស់អ៊ុយក្រែន ដែលធ្វើឲ្យមានការចោទប្រកាន់ថា ពួកគេកំពុងបំផ្លិចបំផ្លាញប្រឆាំង នឹងប្រជាជនស៊ីវិល។

TOS-1A រាប់សិបគ្រាប់ត្រូវបានបាញ់ចេញ ដោយបន្សល់ផ្សែង តាមពីក្រោយយ៉ាងវែង ខណៈពួកវាហោះឡើងលើមេឃឆ្ពោះទៅកាន់គោលដៅ និងទីតាំងជុំវិញកន្លែងដែលរងការវាយប្រហារ ធ្វើឲ្យឆេះយ៉ាងសន្ធូរសន្ធៅ ។

វាត្រូវបានគេស្គាល់ដែរថា បង្កការបំផ្លិចបំផ្លាញខ្លាំង ជាងគ្រាប់បែកធម្មតា នៅពេលដែលកាំជ្រួចនេះត្រូវបានបាញ់ចេញ ការផ្ទុះទីមួយគឺបញ្ចេញចំហាយឥន្ធនៈពាសពេញតំបន់ជុំវិញ មុនពេលការផ្ទុះទីពីរដុតបញ្ឆេះ។ ការផ្ទុះរបស់វា បង្កជាដុំភ្លើងដែលមានសីតុណ្ហភាពខ្ពស់ ដែលបឺតយកអុកស៊ីសែននៅក្នុងតំបន់ជុំវិញ ហើយបង្កើតបានជារលកការផ្ទុះដ៏ធំមួយ។

បន្ទុះរបស់ TOS-1A អាចរំលាយជញ្ជាំងការពារ និងរំលាយសាកសព ដែលនៅកៀកកន្លែងផ្ទុះ ខណៈការផ្ទុះដែលមានសម្ពាធ កម្តៅខ្ពស់អាចបំផ្លាញអគារ និងបំបែកសរីរាង្គរបស់មនុស្សបាន។ TOS-1A អាចបាញ់បាន ចម្ងាយរហូតដល់ ១០គីឡូម៉ែត្រ ៕
