អាហ្សង់ទីន ៖ វិទ្យាស្ថានជាតិស្ថិតិ និងជំរឿន (INDEC) បានបង្ហាញឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអាហ្សង់ទីន បានកើនឡើង ១០,៣ភាគរយក្នុងឆ្នាំ២០២១ បន្ទាប់ពីបានចុះបញ្ជីការកើនឡើង ៨,៦ភាគរយ នៅក្នុងត្រីមាសទី៤ ឆ្នាំមុន ។
នៅក្នុងរបាយការណ៍របស់ខ្លួន INDEC បានឲ្យដឹងថា ធាតុទាំងអស់ នៃតម្រូវការបានកើនឡើង ក្នុងឆ្នាំ២០២១ បើធៀបនឹងឆ្នាំ២០២០ ដោយបង្ហាញពីការកើនឡើង នៃការប្រើប្រាស់ឯកជន និងសាធារណៈ ការនាំចេញ និងការនាំចូល និង ការបង្កើតដើមទុនថេរសរុប។
យោងតាមវិទ្យាស្ថានបានឲ្យដឹងថា វិស័យសំណង់បានកើនឡើង ២៧,១ភាគរយ សណ្ឋាគារ និងភោជនីយដ្ឋាន ២៣,៥ភាគរយ ការនេសាទ ១៦,៥ ភាគរយ ការផលិត ១៥,៨ភាគរយ និងពាណិជ្ជកម្ម ១៣,២ភាគរយ។
វិស័យផ្សេងទៀត ដែលបានកត់ត្រាកំណើន គឺការរុករករ៉ែ (៩,៥ភាគរយ) ការដឹកជញ្ជូន និងទូរគមនាគមន៍ (៧,៤ភាគរយ) សុខភាព និងសេវាសង្គម (៦ភាគរយ) និងការអប់រំ (៣,៨ភាគរយ) ។
សរុបមក វិស័យសេដ្ឋកិច្ចសំខាន់ៗចំនួន ១៣ ក្នុងចំណោមវិស័យសេដ្ឋកិច្ចទាំង ១៤ របស់ប្រទេសនេះ ក្នុងឆ្នាំនេះ ជាមួយនឹងកំណើន នៃសកម្មភាព ខណៈដែលវិស័យកសិកម្ម ព្រៃឈើ បសុសត្វ និងការបរបាញ់ គឺជាវិស័យតែមួយគត់ ដែលបានរាយការណ៍ពីការថយចុះ ចំនួន ០,៣ ភាគរយ៕
ប្រែសម្រួល ឈូក បូរ៉ា