ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ ត្រូវបានគេរំពឹងថា នឹងអំពាវនាវឱ្យចិន បដិសេធពីការគាំទ្ររុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន នៅពេលដែលសមាជិកសម្ព័ន្ធភាព បានប្រមូលផ្តុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់កិច្ចប្រជុំកំពូលវិសាមញ្ញមួយ។
ប្រធានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា “សម្ព័ន្ធមិត្តមានការព្រួយបារម្ភថា ប្រទេសចិន អាចផ្តល់ជំនួយជាសម្ភារៈ សម្រាប់ការឈ្លានពានរបស់រុស្ស៊ី” ដោយបង្ហាញសមាជិកនៃប្លុកសន្តិសុខពីការចែករំលែកការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនថា ចិន កំពុងពិចារណាជួយរុស្ស៊ីជាមួយនឹងឧបករណ៍យោធានៅក្នុងជម្លោះនេះ។
លោក Stoltenberg បានចង្អុលបង្ហាញថា ទីក្រុងប៉េកាំង មិនបានថ្កោលទោសការឈ្លានពាននេះទេ ហើយថែមទាំងបានផ្តល់ “ការគាំទ្រផ្នែកនយោបាយ” ដល់ទីក្រុងម៉ូស្គូ តាមរយៈការជួយផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចបង្កការខូចខាតដល់អ៊ុយក្រែនថែមទៀត។
លោកបានលើកឡើងថា “ខ្ញុំរំពឹងថា មេដឹកនាំនឹងអំពាវនាវឱ្យប្រទេសចិន ធ្វើតាមទំនួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ បដិសេធមិនគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី។ ហើយចូលរួមជាមួយពិភពលោកផ្សេងទៀតក្នុងការអំពាវនាវឱ្យបញ្ចប់សង្រ្គាមនេះភ្លាមៗ” ។
ជាមួយនឹងការវាយប្រហាររបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន បានបន្តអស់រយៈពេលជិតមួយខែមកនេះ មេដឹកនាំអង្គការណាតូ ក្រុមប្រទេសឧស្សាហកម្មទាំងប្រាំពីរ និងសហភាពអឺរ៉ុប នឹងប្រមូលផ្តុំគ្នានៅទីក្រុងព្រុចសែល សម្រាប់កិច្ចប្រជុំជាបន្តបន្ទាប់នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបង្ហាញពីការរួបរួមរបស់ពួកគេប្រឆាំងនឹងអ្វីដែលពួកគេចាត់ទុកថា ជាការមិនបង្កហេតុ និងអយុត្តិធម៌ នៃការឈ្លានពាន៕ប្រែសម្រួល ឈូក បូរ៉ា