បរទេស៖ រដ្ឋមន្ត្រីប្រទេសអង់គ្លេសលោកស្រី Liz Truss កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងថាអង់គ្លេស អាចនឹងដកទណ្ឌកម្មធ្ងន់ៗ របស់ខ្លួនមកវិញ បានពីប្រទេសរុស្ស៊ី ដរាបណាកងកម្លាំងយោធា របស់ប្រទេសនេះ នឹងត្រូវបានដកចេញពីប្រទេសអ៊ុយក្រែន និងប្តេជ្ញាចិត្តមិនបន្តសកម្មភាពយោធា ទៀតឡើយនៅក្នុងប្រទេសអ៊ុយក្រែន។
ថ្លែងនៅក្នុងកិច្ចសន្ទនាគ្នាមួយ ជាមួយនឹងក្រុមអ្នកកាសែត Telegraph លោកស្រី Truss បានបន្តទៀតថា៖ យើងត្រូវការឲ្យមានបទឈប់បាញ់គ្នា ពេញលេញនិងការដកកងកម្លាំងយោធា ១០០ភាគរយ ពីអ៊ុយក្រែនប៉ុណ្ណោះ ទើបអាចឲ្យអង់គ្លេស អនុវត្តនូវគោលការណ៍ ដើម្បីដកយកទណ្ឌកម្មទាំងឡាយ ពីរុស្ស៊ីមកវិញបាន។
លោកស្រីក៏បានបន្តដែរថា ក្រុមការងារចរចាពិសេសមួយ ត្រូវបានបង្កើតឡើងរួចរាល់ហើយ នៅក្នុងការិយាល័យ កិច្ចការងារការបរទេស ដែលពួកគេនឹងមានទំនួលខុសត្រូវចាំបាច់ សម្រាប់កិច្ចការងារចរចាសន្តិភាព នាពេលខាងមុខនេះ។
លោកស្រីបានក្លាយទៅជាបុគ្គលដំបូងគេ នៅក្នុងជួររដ្ឋាភិបាលនៃប្រទេសអង់គ្លេស និងប្រទេសផ្សេងទៀត ដែលបានធ្វើការលើកឡើង អំពីលទ្ធភាព នៃការដកទណ្ឌកម្មសេដ្ឋកិច្ច ចេញពីរុស្ស៊ី ក្នុងពេលដែល កិច្ចព្រមព្រៀងណាមួយ មិនទាន់កើតឡើងនៅឡើយ ក្នុងស្ថានភាពយោធារុស្សីនិងអ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី