បរទេស៖ សហភាពអឺរ៉ុប កំពុងស្វែងរកវិធីសាស្ត្រ ក្នុងការគេចចេញពីការពឹងផ្អែកទាំងស្រុង ទៅលើថាមពលពីសំណាក់ ប្រទេសរុស្ស៊ី ហើយជាលទ្ធផលសម្រេចបាន ផែនការរយៈពេល៨ឆ្នាំ ទៅដល់ឆ្នាំ២០៣០ គឺធ្វើយ៉ាងណាឲ្យប្លុកអាចមានសេរីភាពផ្តាច់ខ្លួន ចេញពីថាមពលហ្វីស៊ីល ដែលរុស្ស៊ីកំពុងផ្គត់ផ្គង់នាពេលបច្ចុប្បន្ន។
ក្នុងនោះប្រទេសអាល្លឺម៉ង់ ក្រោមកិច្ចខិតខំប្រឹងប្រែង ទប់ទល់ទៅនឹងបញ្ហា នៃការកើនឡើងថ្លៃថាមពលនោះ ក្រសួងកសិកម្មនិងរដ្ឋមន្ត្រី លោក Peter Hauk បានប្រកាសគាំទ្រ ចំពោះចំណាត់ការរបស់រដ្ឋាភិបាល ចំពោះបញ្ហារារាំងថាមពលពីរុស្ស៊ី ហើយក៏បានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួន ក្នុងការចូលរួមកិច្ចការងារនេះផងដែរ។
លោករដ្ឋមន្ត្រី Hauk បានអំពាវនាវទៅកាន់ពលរដ្ឋអាល្លឺម៉ង់បែបនេះថា៖ អ្នកទាំងអស់គ្នាអាចពាក់អាវរងារ ក្នុងកម្រិតសីតុណ្ហភាព១៥ដឺក្រេ នៅរដូវរងា វានឹងមិនអាចធ្វើឲ្យអ្នកស្លាប់នោះទេ ប៉ុន្តែអ្នកត្រូវចាំថា បច្ចុប្បន្នមានអ្នកស្លាប់ជាច្រើននាក់ នៅក្នុងតំបន់ផ្សេងទៀត (សំដៅលើប្រទេសអ៊ុយក្រែន)។
តាមរយៈផែនការត្រឹមឆ្នាំ២០៣០ របស់សហភាពអឺរ៉ុប ដើម្បីដកខ្លួនចេញឲ្យដាច់ពីការផ្គត់ផ្គង់ ថាមពលពីរុស្ស៊ី នោះអឺរ៉ុបក៏បានព្រមព្រៀងផងដែរ ក្នុងការចាប់ផ្តើមកាត់បន្ថយទ្រង់ទ្រាយធំ ពីឆ្នាំ២០២២នេះតទៅ ឲ្យបាន២ភាគ៣ នៃការនាំចូលថាមពលពីរុស្ស៊ីសរុប៕ ប្រែសម្រួល៖ស៊ុនលី