ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានហៅសកម្មភាពជីវសាស្ត្រយោធារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងប្រទេសអ៊ុយក្រែនថាជា “ផែនការរបស់មនុស្សអាក្រក់” ។
លោកស្រី Zakharova បានលើកឡើងថា “មានគម្លាតច្រើនពេកនៅក្នុងផែនការ ដ៏អាក្រក់នេះ ដែលនៅតែត្រូវបំពេញ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅមុននេះថា សហរដ្ឋអាមេរិក បានវិនិយោគជាង ២០០លានដុល្លារអាមេរិក សម្រាប់មន្ទីរពិសោធន៍ជីវសាស្រ្ត biolaboratories នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមរបាយការណ៍។
លោកស្រី Zakharova បានឲ្យដឹងមុននេះថា ក្នុងបរិបទនេះ រុស្ស៊ី នឹងមិនបដិសេធលទ្ធភាព នៃការចាប់ផ្តើមយន្តការផ្ទៀងផ្ទាត់ក្រោមអនុសញ្ញា អាវុធជីវសាស្ត្រ និងជាតិពុលនោះទេ។
របាយការណ៍បានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានឲ្យដឹងថា មន្ទីរពិសោធន៍ក្នុងប្រទេសអ៊ុយក្រែន គ្រាន់តែជាផ្នែកតូចមួយ នៃបន្ទប់ពិសោធន៍ដែលផ្តល់មូលនិធិ ដោយសហរដ្ឋអាមេរិកជាង ៣០០ ដែលកំពុងរាយប៉ាយពាសពេញពិភពលោក ដោយបន្ថែមថា រុស្ស៊ីនឹងបង្ហាញឯកសារថ្មី ស្តីពីសកម្មភាព របស់ពួកគេបន្ថែមទៀត៕