ម៉ូស្គូគៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ថា គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន បានបើកការចរចា “ជាប្រយោជន៍” នៅក្នុងប្រទេសតួកគី កាលពីថ្ងៃអង្គារ ដោយបានលើកឡើងនូវវាំងននស្តីពីកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងរបស់ភាគីទាំង២ ដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះបច្ចុប្បន្ននេះ ។
នៅក្នុងអំឡុងពេលនៃកិច្ចពិភាក្សាជុំទី៥ ឬកិច្ចប្រជុំទល់មុខគ្នាលើកទី៤ ដែលមានរយៈពេលប្រហែល៣ម៉ោងនៅទីក្រុងអ៊ីស្តង់ប៊ុល ទីបំផុតភាគីទាំង២បានឈានដល់ការរីកចម្រើនមួយចំនួនក្នុងការរិះរកមធ្យោបាយដែលអាចចេញពីភាពតានតឹង ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការពិគ្រោះយោបល់នឹងបន្តតាមរយៈតំណវីដេអូ ។
អ្នកវិភាគខ្លះជឿថា នៅគ្រាដែលកិច្ចចរចារវាងប្រទេសទាំង២នៅតែបន្ត ទំហំនៃជម្លោះយោធាអាចនឹងថយចុះបន្តិចម្តងៗ ខណៈដែលវានៅតែមាន “ផ្លូវដ៏វែងឆ្ងាយ” នៅមុនពេលការដោះស្រាយពេញលេញ។
លោក ប្លាឌីមៀ មេឌីនស្គី ជំនួយការប្រធានាធិបតីរុស្ស៊ី និងជាប្រធានក្រុមចរចាររបស់រុស្ស៊ី បានលើកឡើងបន្ទាប់ពីកិច្ចពិភាក្សានេះថា ទីក្រុងម៉ូស្គូកំពុងចាត់វិធានការពីរឆ្ពោះទៅរកការ បន្ធូរបន្ថយជម្លោះទាំងផ្នែកយោធា និងផ្នែកនយោបាយ ។
អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Alexander Fomin ដែលបានចូលរួមក្នុងកិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល បានលើកឡើងថា ប្រទេសរុស្ស៊ី នឹងកាត់បន្ថយសកម្មភាពយោធាយ៉ាង សំខាន់នៅក្នុងទិសដៅគៀវ និង Chernihiv ដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការចរចាបន្ថែមទៀត ។
នៅក្នុងវិស័យនយោបាយ ទីក្រុងម៉ូស្គូបានផ្តល់នូវកិច្ចប្រជុំដែល អាចកើតមានរវាងប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្នុងពេលដំណាលគ្នាជាមួយនឹងការចាប់ផ្តើមនៃសន្ធិសញ្ញាសន្តិភាពដោយក្រសួងការបរទេសរបស់ពួកគេ ។
សមាជិកនៃគណៈប្រតិភូអ៊ុយក្រែន លោក David Arakhamia បានលើកឡើងថា សម្រាប់ភាគីអ៊ុយក្រែន ក្រុងគៀវបានស្នើឱ្យចុះហត្ថលេខាលើសន្ធិ សញ្ញាអន្តរជាតិថ្មីមួយស្តីពីការធានាសន្តិសុខ ដែលចែងពីកាតព្វកិច្ចសម្រាប់ប្រទេសអ្នកធានាក្នុងការ ផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ក្នុងករណីមានការវាយប្រហារ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា